(ភ្នំពេញ)៖ ខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានឈានមកដល់ក្នុង សប្តាហ៍នេះហើយ។ តើកម្ពុជាគួរតែមានកាតព្វកិច្ចអ្វីជាបន្ថែមទៀត ដែលត្រូវបំពេញទៀតទេក្រោមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះ? សូមទស្សនាអត្ថបទវិចារណកថារបស់ Fresh Exclusive
ខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ឈានមកដល់ក្នុងសប្តាហ៍នេះហើយ ខណៈក្រុមធ្វើនយោបាយប្រឆាំង នៅតែបន្តទាមទារឱ្យយកស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកធ្វើជាទឡ្ហីករណ៍ ដើម្បីការបម្រើរបៀបវារៈនយោបាយ ក្នុងចេតនាចង់ឱ្យបរទេស ចូលមកលូកលាន់កិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា។
បេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ បានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ក៏ត្រូវបានបញ្ចប់ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ១៩៩៣នោះមកដែរ។
* ហេតុអ្វីបានជាគេហ៊ាននិយាយថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស លែងមានសុពលភាព ចាប់តាំងពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានបញ្ចប់នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣នោះ?
ប្រវត្តិសាស្ត្របានបង្ហាញថា មូលហេតុដែលនាំឱ្យកម្ពុជាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមានប្រវត្តិពាក់ព័ន្ធនៃការចាប់ផ្តើមដំបូង ដោយជំនួបនៅទីក្រុង Fere-en-Tardenois ក្នុងប្រទេសបារាំង រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ នាពេលនោះរវាងពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។ ក្រោយជំនួបបើកផ្លូវនោះមក ការជួបជាបន្តបន្ទាប់រវាងភាគីនយោបាយកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងដំណោះស្រាយនោះបាននាំឱ្យមានការបោះឆ្នោតសកលជាលើកដំបូងនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ១៩៩៣ បើទោះបីជាភាគីខ្មែរក្រហម មិនបានគោរពតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះក៏ដោយ។ ក្នុងអតីតកាលនោះភាគីខ្មែរក្រហម នៅតែបន្តសកម្មភាពវាយប្រហារអុកឡុក បង្កសង្គ្រាម គ្មានឈប់ឈរ ដោយធ្វើការកាត់ផ្តាច់ផ្លូវ ស្ពាន ដុតភូមិបណ្តែតទឹកនានាក្នុងដែនទន្លេសាបជាដដែល។
បេសកកម្មអង្គការសហប្រជាជាតិអ៊ុនតាក់ ដែលបញ្ចប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ក្រោយការ ចំណាយថវិកាជាង២ពាន់លានដុល្លារនាជំនាន់នោះ នៅមិនទាន់ធ្វើឱ្យកម្ពុជាអស់សង្គ្រាមក្នុងស្រុកនៅឡើយទេ។ ពេលនោះគ្មានអ្នកប្រជាធិបតេយ្យណា ឬក្រុមសិទ្ធិមនុស្សណាបានលេចមុខមកបង្ក្រាបចលនាក្រុមខ្មែរក្រហមនាពេលនោះឡើយ។
ក្រោយការបោះឆ្នោតសកលខែឧសភានោះរួចមក បេសកកម្មអង្គការសហប្រជាជាតិ អ៊ុនតាក់ ក៏បានដកចេញពីកម្ពុជា ជាមួយនឹងការបន្សល់ទុកកម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា និងរដ្ឋាភិបាល២។ សង្គ្រាមមិនបានបញ្ចប់ឡើយ ហើយបេសកកម្មអង្គការសហប្រជាជាតិក៏មិនបានបំពេញនូវអ្វី ដែលកិច្ចព្រមព្រៀងប៉ារីស គួរតែសម្រេចបាននោះដែរ។ ក្រោយការដកចេញរបស់បេសកកម្មអ៊ុនតាក់នោះមក វាគឺជាពេលនៃការបញ្ចប់នូវការប្តេជ្ញាចិត្ត ដែលផ្តល់ដោយកិច្ចព្រមព្រៀងនោះផងដែរ។
របាយការណ៍មួយរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ S/25289 អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ភាគីកម្ពុជា មានការទទួលខុសត្រូវជាចម្បងចំពោះការអនុវត្តកិច្ចព្រមព្រៀង និងរបាយការណ៍ដដែលបន្តថា ស្ថិរភាពនិងសុខមាលភាពរបស់កម្ពុជា ទៅអនាគតគឺអាស្រ័យលើប្រជាជនកម្ពុជាដោយផ្ទាល់។
របាយការណ៍នោះហើយ បានបញ្ជាក់ច្បាស់ណាស់ថា នៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ វាគឺអាស្រ័យលើប្រជាជនកម្ពុជា ក្នុងការសម្រេចថា តើត្រូវអនុវត្តកិច្ចព្រមព្រៀងប៉ារីសនោះ យ៉ាងដូចម្តេច?
ដើម្បីដោះស្រាយបញ្ហាជាតិនាពេលនោះសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះលោកគឺជានាយករដ្ឋមន្ត្រី ក៏បានបង្កើតគំនិតផ្តួចផ្តើមនយោបាយឈ្នះ-ឈ្នះ ដើម្បីធានាសន្តិភាព និងការបង្រួបបង្រួមជាតិ។ ការអនុវត្តនយោបាយឈ្នះ-ឈ្នះ ជាមួយនឹងការដាក់ចេញនូវគន្លឹះ សំខាន់ចំនួន៣ នាពេលនោះហើយ បានបញ្ចប់សង្គ្រាមដែលអូសបន្លាយនៅកម្ពុជាប្រមាណជិត៣០ឆ្នាំ និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក៏បាននាំមកនូវសន្តិភាពពេញលេញ ការឯកភាពជាតិ និងទឹកដី នៅចុងឆ្នាំ១៩៩៨ ។
តាមពិត គឺនៅក្រោយឆ្នាំ១៩៩៣, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការអនុវត្ត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយស្នើឱ្យមានការពិភាក្សានយោបាយដោយសេរី និងយុត្តិធម៌, ប៉ុន្តែឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចង់ឱ្យមានវប្បធម៌សន្ទនានោះ បែរជាត្រូវបានគេបំពានទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ដែលបង្កើតនូវវប្បធម៌សន្ទនាជាច្រើនលើក ដើម្បីរកការផ្សះផ្សាជាតិ បានរងនឹងអំពើប៉ុនប៉ងធ្វើឃាតជាច្រើនដង ប៉ុន្តែប្រព័ន្ធឃោសនា ដែលជឿលើក្រុមជ្រុលនិយមតែមួយចំហៀង បែរជាបំប៉ោងរឿង ដោយចោទទម្លាក់កំហុសនានាទាំងឡាយដាក់មកលើសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកខិតខំស្វែងរកសន្តិភាពជួនជាតិ និងប្រជាជនកម្ពុជាទៅវិញ។
តាមពិត នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនដែលមានការចែងណាដែលនិយាយថា កម្ពុជាបន្ទាប់ពីដំណាក់កាលអន្តរកាល ពោលគឺនៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ទៅហើយនោះ នឹងនៅតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់អន្តរជាតិឡើយ។
កម្ពុជាបច្ចុប្បន្នជាពិសេស ក្នុងដំណាក់កាលដែលពលរដ្ឋបានបោះឆ្នោតគាំទ្រឱ្យរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តវេននេះកំពុងតែធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវមួយជាមួយនឹងចក្ខុវិស័យនាំកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានជាង១៦ពាន់លានដុល្លារ បើគិតត្រឹមក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ និងតួលេខនេះ មានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
របាយការណ៍ធនាគារពិភពលោកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ។
របាយការណ៍ដដែលបានបង្ហាញការព្យាករណ៍ថា កំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថានឹងប្រសើរឡើងបន្តិចពីកម្រិត៥,៦% ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត៦,១% នៅឆ្នាំ២០២៥ និងឡើងដល់ ៦,៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញ នៃការមកដល់របស់ភ្ញៀវទេសចរណ៍។
ការវាយតម្លៃដែលបង្ហាញនូវសន្ទុះកំណើនទាំងនេះ គឺច្បាស់ណាស់អាស្រ័យមកពីការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេនពីរៀមច្បងរបស់ខ្លួន ប៉ុន្តែអ្វីដែលជាជោគជ័យទាំងនេះ ច្បាស់ណាស់គឺជាសត្រូវរបស់ក្រុមធ្វើនយោបាយជ្រុលនិយម សម រង្ស៊ី ដែលពីមួយថ្ងៃទៅមួយថ្ងៃតែងនិយាយ បង្អាប់កិត្តិយសរបស់ជាតិខ្មែរខ្លួនឯង និងព្យាយាមនិយាយចង់ទាញយកស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកធ្វើជាទឡ្ហីករណ៍ ដើម្បីការបម្រើរបៀបវារៈនយោបាយ ក្នុងចេតនាចង់ឱ្យបរទេស ចូលមកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ពិតមែនហើយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍ដែលយើងទាំងអស់គ្នាត្រូវចងចាំទុកក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងទីក្រុងប៉ារីស លែងមានសុពលភាព ចាប់តាំងពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣នោះមកម្ល៉េះ។
ដូច្នេះក្រុមធ្វើនយោបាយជ្រុលនិយម សូមកុំទាញឱ្យកម្ពុជាខ្លួនឯងមានកាតព្វកិច្ចអ្វីជាបន្ថែមក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពី៣៣ឆ្នាំមុននោះទៀតឡើយ។ ក្រុមជ្រុលនិយម ត្រូវតែទទួលស្គាល់ថា សន្តិភាពដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា នាពេលនេះគឺជាស្នាដៃចារទុកជាប្រវត្តិសាស្រ្ត នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍របស់មាតុភូមិកម្ពុជា។
កម្ពុជាគ្មានកាតព្វកិច្ចបន្ថែមទៀតឡើយ ក្រោមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនាបច្ចុប្បន្ននេះ!