(កែប)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងថា ខេត្តកែបជាទីក្រុងទេសចរណ៍ ដូចនេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ខេត្តកែបជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាបណ្តើរៗនូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ២,៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយទាំងលើគោកនិងលើកោះ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោង ផ្លូវជិះកង់ពីខេត្តកែបទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍។
លោកឧបនាយករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរ អង្គភាពជំនាញបន្តអនុវត្តតួនាទីភារកិច្ចអោយបានល្អប្រសើរក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសជំរុញឱ្យមានហេដ្ឋារចនាសម្ពន្ធ ផ្លូវ អគ្គីសនី និងប្រព័ន្ធធារាសាស្រ្តឱ្យបានគ្រប់គ្រាន់ទៅដល់ជនបទ។
នាឱកាសនោះដែរ លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានបន្តថា តាមរយៈរាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ដិភាព ខេត្តកែប ជាបន្តបន្ទាប់ បានប្រឹងប្រែងអនុវត្តក្នុងរយ:ពេល៩ខែដើមឆ្នាំ២០២៤នេះ ខេត្តសម្រេចបាននូវលទ្ធផលល្អប្រសើរ។
ជាមួយគ្នានោះ ខេត្តបានជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន រួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្សសកម្មភាពលួចឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ជាដើម ព្រោះបទល្មើសទាំងនោះ សុទ្ធសឹងតែជាបទល្មើសដែលបង្ករអសន្ដិសុខនៅក្នុងមូលដ្ឋាន។
លោកអភិបាលខេត្តបន្ថែមថា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ខេត្តនៅតែបន្តអនុវត្តបណ្តាសកម្មភាពជាអាទិភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកៀគរដៃគូអភិវឌ្ឍនានាមកអភិវឌ្ឍខេត្ត ដើម្បីបង្កើនមុខរបរនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕