(កំពង់ធំ)៖ ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលនិងចែកស្រូវពូជជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅចំនួន៥៨តោន ស្មើនឹង៥៨០គ្រួសារ នៅស្រុកស្ទោង ហើយទីតាំងប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានលើកឡើងថា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។
លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យបានប្រសើរឡើង៕