(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកទេសវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុត្តនជាតិ និងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
លោក ហែម វណ្ណឌី បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៤ នាឱកាសអញ្ជើញជាអធិតីបិទកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី២ ដោយមានចូលរួមពីលោក ដាវ អានសាន រដ្ឋលេខាធិការ លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច។
កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវីធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី២ ដែលជាការប្រកួតប្រជែងបង្កើតគំនិតធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យា ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការជាមួយសហគ្រិនខ្មែរ។ គម្រោងនេះមានគោលបំណងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា និងសហគ្រិនភាពដែលមានការចូលរួមពីនិស្សិតចំនួន១១៤ក្រុម មកពី ២០សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ អប់រំនៅកម្ពុជា។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើបច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យាផងដែរ។
បើតាមលោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី បានលើកឡើងថា កម្មវិធីនេះគឺជាវេទិការដ៍សំខាន់មួយក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាលើជំនាញរឹង ជំនាញទន់ សហគ្រិនភាពប្រកប ដោយភាពច្នៃប្រឌិតពាក់ព័ន្ធនឹងបច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ ក្នុងការដោះស្រាយបញ្ហាសង្គម និងជំំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា។
កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី២ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ បានប្រមូលផ្ដុំនិស្សិតដែលមានទេព្យកោសល្យចំនួន ១០ក្រុមចុះក្រោម។ ក្រុមនិស្សិតទាំង១០ក្រុមនេះ ទទួលបានវគ្គបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ពីអ្នកជំនាញចំនួន ៨សប្តាហ៍ លើប្រធានបទស្ដីពីសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅអាជីវកម្មពិតប្រាកដ។
ម្ចាស់ជ័យលាភីលេខ១ បានទៅក្រុមឈ្មោះ Fintory ជាកម្មវិធីគ្រប់គ្រងស្តុកឆ្លាតវៃ និងស្វ័យប្រវត្តិ សម្រាប់ហាងលក់ទំនិញ។ ជ័យលាភីលេខ២ បានទៅក្រុមឈ្មោះ PAWhere ជាឧបករណ៍ និងកម្មវិធីសម្រាប់តាមដានសត្វចិញ្ចឹមរបស់អ្នក នៅគ្រប់ពេល និងទីកន្លែង និងជ័យលាភីលេខ៣ បានទៅក្រុមឈ្មោះ វដ្ត-VOAT ជាកម្មវិធីសុខភាពសម្រាប់ស្រ្តី តាមដានវដ្តរដូវ និងការអប់រំផ្សេងៗផ្នែកសុខភាពដល់ស្រ្តី៕