(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជានិងចិនប្រមាណ១០០ស្តង់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All» ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជានិងចិន។

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប២០២៤» សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

សូមទំនាក់ទំនងចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរសព្ទលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអ៉ីម៉ែល [email protected]