(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ អនុញ្ញាតឱ្យលោក ឌឺរិក យីព (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែលលោកត្រូវបានរដ្ឋាភិបាលប្រទេសអូស្ត្រាលី តែងតាំងជាឯកអគ្គរាជទូត ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតអូស្ត្រាលី បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។

ឯកអគ្គរាជទូតអូស្ត្រាលី បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអូស្ត្រាលី-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយគាំទ្រកម្ពុជា ដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអបអរសាទរឯកអគ្គរាជទូតអូស្ត្រាលី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអរគុណអូស្រ្តាលី ដែលបានរួមចំណែកក្នុងការស្វែងសន្ដិភាព នាពេលកន្លងមក និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអរគុណចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្រ្តាលី ដែលតែងជួយគាំទ្រកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក។ ហើយអូស្រ្តាលី ក៏ជាប្រទេសទី១ ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហានសេនាធិការ សង្កេតការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។ រហូតមកដល់បច្ចុប្បន្ន អូស្រ្តាលី បានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស សរុបចំនួន២៥វគ្គ មានសិក្ខាកាមចូលរួមប្រមាណជា ១៥៤នាក់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំខួបលើកទី៧២ នៃទំនាកទំនងការទូតកម្ពុជា-អូស្រ្តាលី ជាពិសេសជាឆ្នាំដៅខួបលើកទី៣២ ដែលកម្ពុជា ធ្លាប់ទទួលទាហានមួកខៀវ អង្គការសហប្រជាជាតិ ក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពអូស្ត្រាលី ជាង៥០០នាក់ មន្រ្តីជាន់ខ្ពស់ និងឧទ្ធម្ភាគចក្រចំនួន ៦គ្រឿង ជួយគាំទ្រ និងពង្រឹងបេសកកម្ម UNTAC នៅកម្ពុជា ដោយមានការដឹកនាំដោយឧត្តមសេនីយ៍ឯក John Sanderson មេបញ្ជាការបេសកកម្ម UNTAC ដែលជាជនជាតិអូស្រ្តាលី ហើយយើងនៅចងចាំគុណូបការៈនេះជាដ៏រាបរៀងមក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឯកអគ្គរាជទូតអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ថាមពលស្អាត, សុខាភិបាល, អប់រំ, ពិសេសវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការបណ្តុះបណ្តាល ផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនា និងយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។

តាមរយៈនេះឯកឧត្តមអគ្គរាជទូតអូស្ត្រាលី និងសេនានុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា, រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើបន្តជួយបណ្ដុះបណ្ដាលផ្នែកជំនាញដល់កងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់កងយោធពលខេមរភូមិន្ទបន្តទៀត ដើម្បីកងយោធពលខេមរភូមិន្ទ មានគ្រប់លទ្ធភាពក្នុងការបំពេញភារកិច្ចការពារជាតិការពារអធិបតេយ្យបូរណភាពទឹកដី របស់ខ្លួនបានរឹងមាំ។ កម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ សន្យាថានឹងបង្កគ្រប់លក្ខណៈសម្បត្តិដល់បេសកកម្មកាទូតរបស់ឯកអគ្គរាជទូត និសេនានុព័ន្ធយោធាអូស្ត្រាលី នៅព្រះរាជាណាចក្រកម្ពុជា៕