(ភ្នំពេញ)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ប្រគល់​ទទួលបញ្ចប់​សុពលភាព ផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ថិតនៅក្នុងឃុំចំនួនពីរ ក្នុងស្រុកស្អាង ខេត្តកណ្តាល មានប្រវែងជិត៨គីឡូម៉ែត្រ ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្លូវនេះអនុវត្តស្របតាមបច្ចេកទេសល្អប្រសើរ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន និងអ្នកដែលធ្វើដំណើរឆ្លងកាត់។

ជុំវិញគម្រោងខាងលើនេះឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម តំណាងឧត្តមសេនីយ៍ឯក សឿន រឿត នាយកនៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានលើកឡើងថា ជុំវិញការស្ថាបនា​ផ្លូវខាងលើនេះ បន្ទាប់ពីទទួលបាន គោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ក៏បានអនុវត្តការងារស្ថាបនាផ្លូវខាងលើនេះភ្លាម ដើម្បីចូលរួមចំណែកដល់ការលំបាករបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ឡើងវិញ។

នាឱកាសនោះលោកបណ្ឌិត សៅ ជីវ័ន្ត បានឱ្យដឹងថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ដោយមិនត្រឹមសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវក៏ជាដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិកផលពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹកទំនិញពីទីផ្សារមកផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងការបង្កើតអាជីវកម្មលក់ដូរផ្សេងៗ ជាដើម។

លោកបណ្ឌិត សៅ ជីវ័ន្ត បានកោតសរសើរចំពោះការយកចិត្តទុកដាក់ស្ថាបនាផ្លូវ ស្របតាមបច្ចេកទេសត្រឹមត្រូវ ដែលនឹងផ្តល់ប្រយោជន៍យូរអង្វែង ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរ កម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងផងដែរ។

នាឱកាសនោះដែរលោកបណ្ឌិត បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះលោកបានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំផ្លូវ នេះឱ្យបានគង់វង្សសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ ព្រោះកាលណាយើងមានផ្លូវល្អ យើងអាចធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយផ្សេងៗមួយចំនួន។
ក្នុងជំនួបនេះដែរលោកបណ្ឌិត សៅ ជីវ័ន្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕