(ភ្នំពេញ)៖ បន្ទាប់ពីបាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក (Aaptosyax grypus) ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជំរុញឱ្យមានការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ខុសពីត្រីផ្សេងៗ ត្រីប៉ាសាណាកមានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដួចត្រីសាលម៉ុន ដែលមិនត្រូវបានគេកត់ត្រាពីវាតាំងពីឆ្នាំ២០០៥មកម៉្លេះ។

នៅចន្លោះឆ្នាំ២០២០ និង ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានបញ្ជាក់ពីការនេសាទបានត្រីប៉ាសាណាកចំនួន៣ក្បាល ដែលជាការរបកគំហើញមួយដ៏សំខាន់ ចំពោះការព្រួយបារម្ភអំពីការផុតពូជនៃត្រីប្រភេទនេះ។ ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Biological Conservation បានសង្កត់ធ្ងន់លើតម្រូវការយុទ្ធសាស្រ្តអភិរក្ស ប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារមិនត្រឹមតែប្រភេទនេះប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីដ៏ធំទូលាយនៃទន្លេមេគង្គទាំងមូល ដែលត្រូវបានគេដាក់ឈ្មោះថា «ផ្លូវល្បឿនលឿនរបស់ត្រី» និងជាទីជម្រករបស់ប្រភេទត្រីទឹកសាបធំៗផ្សេងទៀតនៅលើផែនដីផងដែរ។

មានប្រវែងរហូតដល់១.៣ ម៉ែត្រ និងទម្ងន់៣០គីឡូក្រាម ប្រភេទត្រីដែលជិតផុតពូជនេះ គឺជាផ្នែកមួយនៃប្រភេទ «ត្រីយក្ស» ដែលជាត្រីទឹកសាបដែលអាចមានទម្ងន់រហូតដល់៣០គីឡូក្រាម។ ត្រីប្រភេទនេះមានដើមកំណើតនៅក្នុងទន្លេមេគង្គ ដែលនៅតែជាអាថ៌កំបាំង ដោយវាត្រូវបានកំណត់អត្តសញ្ញាណ និងកត់ត្រាជាផ្លូវការតែ៣០ក្បាលប៉ុណ្ណោះក្នុងឆ្នាំ១៩៩១។ ដូចប្រភេទត្រីយក្សដទៃទៀតក្នុងទន្លេមេគង្គដែរ ត្រីប៉ាសាណាកកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន។

ការរកឃើញត្រីប៉ាសាណាកទាំងបីក្បាលនេះបានបង្ហាញថា ត្រីប្រភេទនេះនៅតែបន្តមានវត្តមាននៅក្នុងទឹកទន្លេមេគង្គ ប៉ុន្តែអនាគតរបស់ពួកវានៅតែមិនច្បាស់លាស់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការនេសាទបានត្រីប្រភេទនេ នាពេលកន្លងទៅថ្មីៗ នៅខាងក្រៅតំបន់រស់នៅស្នូលនៃប្រភេទត្រីនេះ គឺនៅក្នុងទន្លេសេសាន តែតភ្ជាប់ទៅទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង។ ការរកឃើញដែលមិននឹកស្មានដល់នេះបានបង្ហាញថា ជួរភូមិសាស្រ្តរបស់ត្រីប៉ាសាណាក អាចមានលក្ខណៈទូលំទូលាយជាងការគិតពីមុន ដោយផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។

ដើម្បីយល់កាន់តែច្បាស់អំពីជួរ និងអាកប្បកិរិយារបស់ត្រីប៉ាសាណាក អ្នកស្រាវជ្រាវកំពុងតស៊ូមតិ សម្រាប់ការប្រើប្រាស់បច្ចេកទេសមិនរាតត្បាត រួមទាំងការវិភាគ DNA បរិស្ថាន។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្ររកឃើញវត្តមានរបស់ប្រភេទត្រីនេះ តាមរយៈហ្សែននៅក្នុងសំណាកទឹក ដោយផ្តល់នូវវិធីរំខានតិចក្នុងការតាមដានរបាយរបស់ត្រី។ អ្នកវិទ្យាសាស្ត្រក៏កំពុងអំពាវនាវឱ្យបន្តការស្រាវជ្រាវ ដោយមានការចូលរួមពីសហគមន៍។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយ USAID ដោយមានការចូលរួមជោគជ័យពីប្រជានេសាទក្នុងតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៧មកម្ល៉េះ។ ដោយមានការសហការដៃគូ ជាមួយប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងតាមបណ្តាដៃទន្លេផ្សេងៗ អ្នកស្រាវជ្រាវសង្ឃឹមថា នឹងបន្តប្រមូលព័ត៌មានសំខាន់ៗអំពីជម្រកត្រីប៉ាសាណាក ព្រមទាំងអាកប្បកិរិយារបស់ពួកវាផងដែរ។ ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គដ៏ទូលំទូលាយ គឺជាទីជម្រករបស់ប្រភេទត្រីជិតផុតពូជជាច្រើនប្រភេទផ្សេងទៀត ដូចជាត្រីរាជ និងត្រីបបែលយក្សទឹកសាប ដែលពឹងផ្អែកលើបរិស្ថានដ៏ផុយស្រួយដូចគ្នា។

ការនេសាទបានត្រីប៉ាសាណាក គឺជាការក្រើនរំលឹកដ៏មានអានុភាពមួយនៃជីវចម្រុះដ៏សម្បូរបែប ដែលនៅតែមាននៅក្នុងទន្លេមេគង្គ។ ទោះយ៉ាងណាក៏ដោយ ជីវចម្រុះនេះកំពុងស្ថិតក្រោមការគំរាមកំហែង។ ការរិចរិលនៃទីជម្រក ការនេសាទហួសកម្រិត និងការសាងសង់ទំនប់ បានបង្កគ្រោះថ្នាក់យ៉ាងទូលំទូលាយដល់ទន្លេ និងប្រភេទត្រីប៉ាសាណាកនេះ។ ការប្រែប្រួលអាកាសធាតុបានបង្កការគំរាមកំហែងថ្មី និងកំពុងកើនឡើង ដោយសារនៅក្នុងតំបន់បានប្រឈមនឹងគ្រោះរាំងស្ងួតដែលអូសបន្លាយ និងទឹកជំនន់កាន់តែធ្ងន់ធ្ងរ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកវិទ្យាសាស្ត្រកំពុងអំពាវនាវឱ្យមានយុទ្ធសាស្ត្រអភិរក្សពហុមុខងារយ៉ាងទូលំទូលាយ។ អ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារប្រភេទត្រីដូចជាត្រីប៉ាសាណាកនេះជាដើម ដែលត្រូវបានរកឃើញថាមានរស់នៅតែនៅក្នុងទន្លេមេគង្គប៉ុណ្ណោះ។ ក្នុងចំណោមត្រីជាង១,១០០ប្រភេទ ដែលរស់នៅក្នុងទន្លេមេគង្គមានត្រីប្រហែល២៥ភាគរយ មិនត្រូវបានរកឃើញថាមានរស់នៅកន្លែងផ្សេងទៀត នៅលើផែនដីយើងនេះទេ។ ទន្លេមេគង្គបានគាំទ្រដល់ការនេសាទត្រីទឹកសាបធំបំផុតរបស់ពិភពលោក ដែលទ្រទ្រង់ជីវិតមនុស្សយ៉ាងហោចណាស់៤០លាននាក់ និងមានតម្លៃ១១ពាន់លានដុល្លារអាមេរិក៕