(សិង្ហបុរី)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ «កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥ - 5th U.S.-ASEAN Cyber Policy Dialogue» ជាមួយលោក Nathaniel C. Fick ឯកអគ្គរដ្ឋទូតគោចររបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការលំហសាយប័រ និងគោលនយោបាយឌីជីថល និង ឧបការីរង Liesyl Franz នៃការិយាល័យលំហសាយប័រនិងគោលនយោបាយឌីជីថល នៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
កិច្ចសន្ទនានេះ មានការចូលរួមពីតំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ទៅលើបញ្ហាប្រឈម ពីការគំរាមកំហែងតាមប្រព័ន្ធសាយប័រនៅក្នុងតំបន់និងអន្តរជាតិ ភាពចាំបាច់នៃការកសាងសមត្ថភាពលើជំនាញសាយប័រ និងការធ្វើបច្ចុប្បន្នភាពគោលនយោបាយរបស់អាស៊ាន និងសហរដ្ឋអាមេរិកពាក់ព័ន្ធសន្តិសុខសាយប័រ៕