(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពទ័ពជើងគោកជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៣គោលដៅ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាលតំបន់កែងបឹង ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន មានជាអាទិ៍៖
១. ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មីនូវការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិបានជាដាច់ខាត។
២. ត្រូវគ្រប់គ្រងផ្ទៃដីដែលបានដកហូតពីជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅឱ្យបានហ្មត់ចត់ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញ។
៣. ត្រូវសាមគ្គីឯកភាព សហការគ្នាឲ្យបានល្អរវាងកងកម្លាំងចម្រុះនិងអាជ្ញាធរដែនដីដើម្បីបន្តគ្រប់គ្រងការពារនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា ប្រសិនក្នុងករណីមានបុគ្គលណាដែលស្ថិតនៅក្នុងកងកម្លាំងចម្រុះលួចឃុបឃិតគ្នាក្នុងការចូលរួមជាមួយជនល្មើសបំផ្លាញធនធានធម្មជាតិត្រូវទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលចំនួន៣គោលដៅនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ដើម្បីបន្តធ្វើសកម្មភាពបន្ថែមទៀតឲ្យដូចភ្លៀង រលឹមដោយគ្មានការដកថយឡើយ៕