(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី និងបានប្រកាសប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែងរវាងហុងគ្រី និងកម្ពុជា។ លោកបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន ជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រផងដែរ៕