(ព្រៃវែង)៖ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានផ្តល់អំណោយអាហារូបករណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា ដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សាចំនួន ៩៨នាក់ ដើម្បីជម្រុញឲ្យកុមារបានបន្តការសិក្សា។
ក្នុងឱកាសនោះលោក ប៉ិច សុង បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណង ដើម្បីជំរុញឲ្យកុមារដែលមានជីវភាពខ្វះខាតបានបន្តការសិក្សារៀនសូត្រ និងមានឱកាសបានសិក្សាដូចគ្រួសារកុមារដែលមានជីវភាពធូរធារដែរ។
លោកអភិបាលស្រុក បានបន្តថា អង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវភាពក្រីក្រខ្វះខាតនេះនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាមួយឈុតរយៈពេល ១ឆ្នាំសម្រាប់កុមារម្នាក់។ ចំពោះកាផ្តល់សម្ភារសិក្សា គ្រឿងឧបភោគ បរិភោគនេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ហើយនិងបន្តជួយរហូតដល់ថ្នាក់ទី១២ ទៀតប្រសិនបើគាត់នៅតែបន្តការសិក្សា ហើយក្នុងនោះអង្គការក៏ជួយឧបត្ថម្ភសម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករចំនួន ២ ខែម្ដងផងដែរ។
លោកអភិបាលស្រុកបន្តថា អង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានជួយទាំងសម្ភារសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតក្រីក្រក្នុងការសិក្សានេះ អស់រយៈពេល ៧ ឆ្នាំកន្លងមកហើយ។ ហើយក្នុងនោះមិនត្រឹមតែជួយ តែសម្ភារសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារប៉ុណ្ណោះទេ អង្គការនេះក៏បាន ជួយសាងសង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្រីក្រគ្មានទីពឹងប្រមាណជាង ៧០ ខ្នងផ្ទះរួចមកហើយផងដែរ។
លោកបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រ។
ជាមួយគ្នានេះ លោកអភិបាលស្រុកផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗឲ្យបានរុងរឿង៕