(ឧត្តរមានជ័យ)៖ លោក ឈឿង ផល្លាង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោកមន ស្រុកបន្ទាយអំពិល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំអំណោយរបស់លោកគតិសង្ហបណ្ឌិត គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ ចែកជូនដល់ប្រជាពលដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
នៅក្នុងឱកាសនោះលោក ឈឿង ផល្លាង បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកទេសរដ្ឋមន្ត្រីគតិសង្គហបណ្ឌិត គន់ គីម ផ្ញើប្រគេនព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រុកបន្ទាយអំពិលទាំងមូលផងដែរ។
លោក ឈឿង ផល្លាង ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជំរាបជូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ខុប្បន្នជាប្រធានព្រឹទ្ធសភាជាតិ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន។
លោកបញ្ជាក់ទៀតថា សម្រាប់ខេត្តឧត្តរមានជ័យ ជាខេត្តដាច់ស្រយ៉ាលនៅជាប់ព្រំដែនជាមួយប្រទេសថៃ ដែលមានលោកទេសរដ្ឋមន្ត្រីគតិសង្គហបណ្ឌិត គន់ គីម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជាច្រើនអាណត្តិ និងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រោមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍន៍ខេត្តមួយនេះឱ្យមានរីកចម្រើនគ្រប់វិស័យ ដោយមានផ្លូវស្អាតខ្វាត់ខ្វែង មានសាលារៀន មានវត្តអារ៉ាម មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលជាកត្តាចម្បងនិងអាទិភាពខ្ពស់ជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន។
លោក ឈឿង ផល្លាង ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ឱ្យនៅគង់វង្សយូអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យថែមទៀត ពិសេសមិនត្រូវជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចដែលមានបំណងបំផ្លាញសុខសន្តិភាពដែលមានសព្វថ្ងៃនេះទេ ផ្ទុយទៅវិញត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជារបស់យើង។
ក្រៅពីបានចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលជាអំណោយរបស់លោកទេសរដ្ឋមន្ត្រីគតិសង្គហបណ្ឌិត គន់ គីម រួចមក លោក ឈឿង ផល្លាង ក៏បានប្រគេនស៊ីម៉ង់ចំនួន ២តោន ដល់ព្រះសង្ឃគង់នៅវត្តគូរ ស្ថិតក្នុងឃុំគោកមន ផងដែរ៕