(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន២ ដែលដឹកនាំដោយ លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកកិច្ចសហប្រតិបត្តិ លើការវិនិយោគដំណាំបន្លែនៅកម្ពុជា។
ក្រុមហ៊ុនទាំង ២រួមមានក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និង ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។
ជាមួយគ្នានេះ លោកបណ្ឌិតប្រតិភូ ក៏បានស្វាគមន៍ ចំពោះគោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍ លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើពីប្រទេសថៃ និងបច្ចេកទេសបង្កាត់ពូជ ដើម្បីជួយឲ្យកសិករ ពេលដាំរួចហើយ អាចលក់ទៅឲ្យក្រុមហ៊ុនវិញ ដែលអាចបង្កើតចំណូល ដល់កសិករបានល្អប្រសើរជាង ការលក់បន្លែស្រស់ៗលើទីផ្សារ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ និងក្រុមហ៊ុន Takli មកពីប្រទេសជប៉ុន កំពុងតែពិចារណាលើការវិនិយោគដាំដុះបន្លែនៅខេត្តត្បូងឃ្មុំ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាជាង ១០០ប្រទេស សម្រាប់ការដាំ ដុះ ការផលិតគ្រាប់ពូជ និង របៀបកាដាំដុះដោយប្រើស្រកីដូង និងការវិនិយោគទៅ លើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត៕