(មណ្ឌលគិរី)៖ អតីតសមាជិកគណបក្សភ្លើងទៀន នៅខេត្តមណ្ឌលគិរី ចំនួន១រូប បានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។
អតីតសមាជិកគណបក្សភ្លើងទៀន រូបនេះ បានចូលរួមធ្វើជាទីភ្នាក់ងារ សង្កេតការណ៍របស់គណបក្សប្រឆាំង រាល់ពេលបោះឆ្នោតទាំងកម្រិតសកល និងអសកល។ ពេលនេះ ពួកគេបានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។
ជាពិសេសគេខឹងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាពរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។
ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ គេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អតីតសមាជិកគណបក្សភ្លើងទៀន រូបនេះ បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕