(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាលោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ លោក Huang Kejin ប្រធានប្រតិបត្តិសមាគមសភាពាណិជ្ជកម្មខេត្តហ្វូជាន នៃសាធារណរដ្ឋ ប្រជាមានិតចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះលោក វង សូត គ្រោងអញ្ជើញធ្វើដំណើរបំពេញបេសកកម្មចូលរួមក្នុងសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា លោក វង សូត អនុប្រធានទី២ នឹងឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២ ដែលរៀបចំដោយសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) ដែលជាព្រឹត្តិការណ៍មួយសម្រាប់ពិភពលោក ត្រូវមានការរួបរួមគ្នា និងពិភាក្សាកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល ដែលមកពីប្រទេសនានា អំពីបញ្ហាប្រឈមផ្សេងៗ សម្រាប់ការរៀនសូត្រពីវប្បធម៌នានា ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។
ក្នុងជំនួបពិភាក្សានោះដែរ លោក វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទនឹងរួមចំណែកលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ អរិយធម៌ចម្រុះ ដើម្បីធ្វើជាស្ពានតភ្ជាប់អរិយធម៌មនុស្សជាតិរួមគ្នា និងរួមគ្នាបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា៕