(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួង បានប្ដេជ្ញាដឹកនាំក្រសួងឱ្យសម្រេចជោគជ័យ ដើម្បីរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចសម្រាប់ក្រសួងក៏ដូចជាប្រទេសជាតិ។
ការថ្លែងបែបនេះរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងស្ដីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួងដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។
ថ្នាក់ដឹកនាំនៃក្រសួង បានបញ្ជាក់ថា «យើងទាំងអស់គ្នានឹងបន្តដំណើរទៅមុខក្នុងការដឹកនាំក្រសួងធ្វើយ៉ាងណាបន្សល់ទុកនូវយន្តការមួយប្រកបដោយភាពជោគជ័យ រក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចសម្រាប់ក្រសួងក៏ដូចជាប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួ យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចំណុចអាទិភាពចំនួន ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងប្រែក្លាយគំនិតយោបល់ដែលបានដាក់ជូនក្នុងអង្គប្រជុំនេះ ក្លាយទៅជាទស្សនៈវិស័យសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តទៅមុខទៀត។
ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបង្ហាញពីក្តីរីករាយពេញចិត្តចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់មតិយោបល់តាក់តែងរចនាសម្ព័ន្ធរបស់ក្រសួងសម្រាប់អនាគត៕