(ភ្នំពេញ)៖ លោក Darek YIP ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរអ្នកវិនិយោគមកកម្ពុជា។
ការថ្លែងបែបនេះរបស់លោកអគ្គរដ្ឋទូតអូស្រ្តាលី ធ្វើឡើងក្នុងឱកាសដែលលោក ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ លោក Darek YIP ដែលទើបចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី របស់អូស្ត្រាលីប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាកំពុងឋិតក្នុងដំណាក់កាលមួយ ដែលកំពុងតែដំណើរការរៀបចំខ្លួនឯងឡើងវិញ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវរបបគ្រប់គ្រងជាច្រើនសម័យកាលមកហើយ ក្នុងនោះក៏បានឆ្លងកាត់នូវភ្លើងសង្គ្រាម និងក្រោយមកក៏ទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញ ហើយបច្ចុប្បន្នក៏ដល់ពេលវេលាដែលត្រូវរៀបចំខ្លួនឯងជាថ្មីឡើងវិញផងដែរ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា «កម្ពុជាបានចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជាបិតាឯករាជ្យ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាព រីឯសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាបិតាសហសម័យកម្ពុជា ដូច្នេះពេលនេះកម្ពុជាកំពុងតែរៀបចំខ្លួនតាមបែបសហសម័យរបស់ខ្លួន»។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានឱ្យដឹងអំពីការងារមួយចំនួនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ហើយបច្ចុប្បន្នកំពុងតែផ្ដោតលើបរិវត្តកម្មឌីជីថលផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអូស្ត្រាលី លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងត្រូវការអ្នកជំនាញនិងទីប្រឹក្សាបន្ថែម ទាក់ទិនទៅនឹងស្តង់ដារសំណង់ និងសម្ភារៈសំណង់ផ្សេងៗទៀត ដូច្នេះ លោកបានស្នើដល់ស្ថានទូតអូស្ត្រាលី ថាតើអាចសហការក្នុងការជួយដល់កម្ពុជាបានក្នុងកម្រិតណាមួយ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានសរសើរកម្ពុជាអំពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ជាពិសេសក្រសួងរៀបចំដែនដី ដែលកំពុងតែរៀបចំការងារបរិវត្តកម្មឌីជីថលបានយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកៀងគរអ្នកវិនិយោគមកកម្ពុជា៕