(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបង្កភាពងាយស្រួលដល់អ្នកវិនិយោគ ដ្បិតកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញ ដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា។
ការថ្លែងបែបនេះរបស់លោកប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនសម្រាប់ការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។ លោក បានបញ្ជាក់ថា កម្ពុជាអាចសហការលើវិស័យអចលនទ្រព្យដល់អ្នកវិនិយោគអាមេរិក ដែលក្នុងវិស័យអចលនទ្រព្យនេះគឺត្រូវការភាពរហ័សទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចការរបស់ក្រសួង ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា «កម្ពុជា ចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ, រីឯសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិមិត្តរូបនៃបិតាសន្តិ ភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា។ បច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វល់ខ្វាយទៅនឹងជម្លោះ ឬវិវាទអ្វីផ្សេងទៀតនោះទេ គឺយើងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍខ្លួនទៅមុខ ហើយខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត»។
លោក បានបន្តថា កម្ពុជាមិនមានការរើសអើងពូជសាសន៍ ឬសាសនាអ្វីនោះទេ និងជាប្រទេសមួយដែលផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ បច្ចុប្បន្ន អាទិភាពចម្បងដែលយើងផ្ដោតសំខាន់នោះ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយភាពសុខសាន្ត មានផ្ទះសម្បែង និងអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងមានលទ្ធភាពធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង។
ជុំវិញកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ពិនិត្យលទ្ធភាពក្នុងការគៀងគរអ្នកវិនិយោគអាមេរិក មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ឯកភាព និងពិភាក្សាបន្ថែមទៀតចំពោះចំណុចដែលអាចសហការគ្នាបាន ហើយបានថ្លែងអំណរគុណដល់ក្រសួងដែលបានស្ដាប់នូវបញ្ហាប្រឈម និងក្តីកង្វល់របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងព្យាយាមរកដំណោះស្រាយយ៉ាងសមស្រប។
បន្ថែមពីនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំរបស់ក្រសួង ព្រមទាំងបានគាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើការវិនិយោគយ៉ាងសកម្ម ទៅលើវិស័យបច្ចេកវិទ្យា IT, វិស័យគ្រប់គ្រងសំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា។
បេសកកម្មរបស់សភាពាណិជ្ជកម្មអាមេរិក ផ្ដោតទៅលើការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសគឺព្យាយាមគៀងគរអ្នកវិនិយោគអាមេរិក ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕