(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានស្នើសូមបងប្អូន ប្រែក្លាយការជជែកអាចាមអារាម ពីបញ្ហាគ្រឿងញៀន ទៅជាការរាយការណ៍តាម App NoDrug ដើម្បីដោះស្រាយ។
ការថ្លែងបែបនេះ នៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក លឹម តុងហួត ទទួលបានការអនុញ្ញាត ពីថ្នាក់ដឹកនាំចូលរួមកម្មវិធីវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ការលើកឡើងបែបនេះ ឆ្លើយតបនឹងសំណួរប្រជាពលរដ្ឋពីខេត្តមួយម្នាក់ មានការកើនឡើងការប្រើប្រាស់គ្រឿងញៀនគួរឲ្យព្រួយបារម្ភ និងម្នាក់ទៀតថា សមត្ថកិច្ចខ្លះមិនហ៊ានបង្ក្រាបដោយសារឧក្រិដ្ឋជនគ្រឿងញៀន មានខ្នងបង្អែកធំ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រឡប់មករួមគ្នារាយការណ៍តាម App NoDrug ដើម្បីដោះស្រាយវិញ គឺប្រសើរជាជាងការជជែកគ្នា ជាចចាមអារាមដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដូចគ្នា។ ការចូលរួមប្រើប្រាស់App NoDrug ដើម្បីរាយការណ៍គឺមានន័យថា បងប្អូនចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវរួមរបស់យើង។
លោកក៏បានបញ្ជាក់ទៀតថា រាល់ការរាយការណ៍តាម App NoDrug : https://nodrugsnacd.com/download នេះគឺជាការរាយការណ៍ ដោយរក្សាការសម្ងាត់បំផុតគ្មានអ្នកដឹង គ្មានអត្តសញ្ញាណអ្នករាយការណ៍ទេ គឺផ្ដល់តែទិន្នន័យករណី និងទីកន្លែងដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ៕