(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសារបំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា ក្នុងដែនដីខេត្តកណ្ដាល។
ការចេញបំភ្លឺនេះ ធ្វើឡើងក្រោយពេលកងរាជអាវុធហត្ថបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយតាមបណ្តាញព័ត៌មានសង្គម ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់បានចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ទៀតថា ក្រោយដឹងហេតុការណ៍នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្តទៀតថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប» នឹងចាត់តាំងធ្វើអធិការកិច្ច។ ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថ ពៅ សាលួត ដែលបានប្រព្រឹត្តហិង្សាចំពោះប្រជាពលរដ្ឋដូចបានឃើញនោះ។
ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ក៏បានផ្ដាំផ្ញើទៅកាន់មន្ត្រីកងរាជអាវុធហត្ថទាំងឡាយ សូមកុំប្រព្រឹត្តដូចទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថ ពៅ សាលួត ព្រោះជាឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព និងមិនគប្បីចំពោះប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ តាមវិន័យ តាមក្រមសីលធម៌ជាមន្ត្រីកងទ័ព ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕