(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនង រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាប្រចាំហើយបានឈានដល់កម្រិតកំពូល។

លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយសម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិន មានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាពទាក់ទាញមួយនៅលើពិភពលោក ហើយម្ហូបចិនត្រូវសរុបបញ្ចូលគ្នាជាលក្ខណៈពិសេស៨តំបន់។

លោកបណ្ឌិតបញ្ជាក់ថា ម្ហូបចិនទាំង៨តំបន់នេះសុទ្ធមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាភាពទាក់ទាញ ដល់ខ្លាំងដល់ទេសចរ និងវិនិយោគិនចិនមកទស្សនានៅកម្ពុជា ដែលអាចទទួលទានអាហារដូចជានៅផ្ទះរបស់ខ្លួន។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានបង្ហាញការគាទ្រដល់ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដែលគ្រោងនឹង បង្កើតឱ្យមាន ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅចុងសប្តាហ៍នេះផងដែរ។

សំឡេង៖ «ការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប គឺជាការចូលរួមបង្កើនមិនត្រឹមទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជានិងប្រជាជនចិនដែលកំពុងសាងសហគមន៍ជោគវាសនារួមគ្នាប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយកាន់តែទូលំទូលាយនូវម្ហូបប្រពៃណីរបស់កម្ពុជាដល់ពិភពលោក ហើយក៏ជាការរួមចំណែក ទាក់ទាញមិត្តចិនកាន់តែច្រើនមកកាន់កម្ពុជា ដោយអាចភ្លក្សរសជាតិបានទាំងរសជាតិដើមនៃម្ហូបចិន និងរសជាតិដើមនៃម្ហូប របស់ម្ចាស់ផ្ទះផងដែរ។ ព្រឹត្តិការណ៍នេះច្បាស់ណាស់ថានឹងបង្កើន បរិមាណទេសចរជនជាតចិនជាពិសេសមកកាន់កម្ពុជា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យទេសចរណ៍»

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅខេត្តសៀមរាប នៅចុងសប្តាហ៍នេះ ដែលមានអ្នកចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់កម្ពុជា-ចិន ចំនួនប្រមាណ១០០ស្តង់ ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារក្រោមប្រធានបទអាហារល្អសម្រាប់ទាំងអស់គ្នា ដែលមានវាគ្មិនល្បី មកចែករំលែកបទពិសោធ ស្តីពីម្ហូបអាហារកម្ពុជា-ចិន។

ព្រឹត្តិការណ៍ននេះរៀបចំឡើងក្នុងគោលបំណងជំរុញផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ឱ្យទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន ព្រមទាំងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ និងឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជាចិន២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤ សំដៅទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន