(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា ប្រព័ន្ធអប់រំគួរបង្កើតឲ្យមានការបង្រៀនវិធីសាស្ត្រស្រាវជ្រាវ គ្រប់កម្រិត ពោលគឺតាំងពីកម្រិតបឋមមក។

បណ្ឌិតមកពីប្រទេសអាល្លឺម៉ង់រូបនេះ បានលើកឡើងថា ការបង្កើតឲ្យមានការបង្រៀនវិធីសាស្ត្រស្រាវជ្រាវ គ្រប់កម្រិត ពោលគឺតាំងពីកម្រិតបឋមមក មានអត្ថប្រយោជន៍ ២រួមមាន៖

* ១៖ បណ្តុះគំនិតឲ្យកុមារស្រឡាញ់ការស្រាវជ្រាវតាមរយៈលទ្ធផលដែលគេរកឃើញហើយបានបង្ហាញ ជាចំណេះដឹងរបស់គេពិតប្រាកដ។
* ២៖ មូលដ្ឋានគ្រឹះសម្រាប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ។

អ្នកបង្រៀនវិធីសាស្ត្រស្រាវជ្រាវរូបនេះ ក៏បានថ្លែងថា វិធីសាស្រ្តស្រាវជ្រាវមិនចាំបាច់តែមានបញ្ជីសំណួរ វិភាគទិន្នន័យដោយប្រើកម្មវិធីកុំព្យូទ័រជាជំនួយតាមបែបស្ថិតិអីនោះទេ កុមារអាចចាប់ផ្តើមធ្វើការសង្កេត ហើយធ្វើរបាយការណ៍ ផ្ទាល់មាត់ បន្ទាប់មកជាសំណេរ...។ នៅកម្រិតបថមសិក្សា សុទ្ធតែមានកម្មវិធីនាំកុមារទៅធ្វើទស្សនកិច្ចសិក្សារួចទៅហើយ ក្រោយពេលត្រឡប់មកវិញ លោកគ្រូ អ្នកគ្រូ អាចសួរជាសំណួរថា កូនៗបានឃើញអ្វីខ្លះ?

«អាចឆ្លើយផ្ទាល់មាត់សម្រាប់កុមារនៅតូចៗ កុមារធំបន្តិចអាចឲ្យសរសេរដាក់ពិន្ទុ តែប៉ុណ្ណឹងជាការបង្រៀនវិធីសាស្ត្រស្រាវជ្រាវរួចទៅហើយ យើងហៅថា ការសង្កេត»។ នេះជាការថ្លែងរបស់លោកស្រីបណ្ឌិត ព្រុំ ទេវី។

ជាមួយគ្នានេះ លោកស្រី ស្រីល័ក្ខ អ្នកបង្រៀននៅសាកលវិទ្យាល័យមួយ បានលើកឡើងថា និស្សិតខ្មែររៀននៅក្នុងស្រុកសព្វថ្ងៃ មានកម្សោយផ្នែកស្រាវជ្រាវ។ កម្សោយផ្នែកស្រាវជ្រាវ នាំឲ្យពួកគេពិបាកប្រកួតប្រជែងជាមួយនិស្សិតប្រទេសគេ លើការផ្លាស់ប្តូរគំនិតយោបល់ និងការទាក់ទាងវិនិយោគិនបរទេស។

លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញនៅសាកលវិទ្យាល័យដែលខ្ញុំបង្រៀន ខ្ញុំឃើញនិស្សិតយើងខ្វះចំណូលចិត្តខាងស្រាវជ្រាវ [...] បើថ្ងៃខាងមុខ យើងចង់ប្រឡងប្រជែងគ្នាខាងចំណេះដឹង យើងត្រូវពង្រឹងការស្រាវជ្រាវតាំងពីថ្នាក់បឋម ដល់កម្រិតខ្ពស់»។

សៀវភៅចំណងជើងថា «វិធីសាស្ត្រស្រាវជ្រាវ និងការសរសេរបែបសិក្សា» បោះផ្សាយឆ្នាំ២០១៧ របស់លោកបណ្ឌិត ហាប់ ផល្ធី បានសរសេរថា ការសិក្សាស្រាវជ្រាវមានសារៈសំខាន់ណាស់ក្នុងវិស័យអប់រំ ពីព្រោះស្នាដៃដែលកើតឡើងពីការស្រាវជ្រាវ នឹងផ្តល់ជាគុណប្រយោជន៍ ដល់ការស្រាវជ្រាវរបស់មនុស្សជំនាន់ក្រោយ ក្នុងការបន្តការសិក្សាស្រាវជ្រាវទៅ លើអ្វីមួយផ្សេងទៀត។

អ្នកបង្រៀនវិធីសាស្ត្រស្រាវជ្រាវរូបនេះ ក៏បានបន្តថា «គ្រូបង្រៀន ប្រើចំណេះវិជ្ជាក្នុងកម្រិតមួយ ដើម្បីធ្វើការបង្រៀនតាមរយៈការអានសៀវភៅណាមួយ ដោយយកចំណេះដឹងពីសៀវភៅនោះ ដើម្បីទៅបង្រៀនសិស្ស និស្សិត នៅក្នុងកម្រិតណាមួយ។ ប្រសិនបើគ្រូបង្រៀន មិនបានសិក្សាស្រាវជ្រាវឲ្យបានច្រើន ដើម្បីយកទៅបង្រៀនទេ ការផ្តល់ចំណេះដឹងរបស់គាត់ក៏មានកម្រិតទៅតាមនោះដែរ»។

បើតាមលោក ហាប់ ផល្ធី ការបង្រៀនដែលផ្សារភ្ជាប់នឹងការសិក្សាស្រាវជ្រាវផ្តល់នូវចំណេះដឹង ដែលប្រកបដោយគុណភាព និងបង្កប់នូវការផ្សារភ្ជាប់គ្នារវាងទ្រឹស្តី និងការអនុវត្ត។ សិស្ស និស្សិត អាចឆ្លុះបញ្ចាំងដោយខ្លួនឯងបាននូវរាល់អ្វី ដែលពួកគេទទួលបានពីសាលា។ លើសពីនេះទៀត សិស្ស និស្សិតអាច ធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង នៅពេលពួកគេបញ្ចប់ការសិក្សា៕