(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កាន់តែឈានជិតមកដល់របត់ធ្វើនយោបាយចុងក្រោយ របស់ខ្លួនហើយ។ ក្រាំងមាសនៃប្រវត្តិសាស្ត្រខ្មែរ កំពុងតែសរសេរទុកថា សម រង្ស៊ី ដែលមានឈ្មោះជាទណ្ឌិតក្បត់ជាតិ ត្រូវបានគេកត់ត្រាជាមេបក្ខប្រឆាំងដ៏ទន់ខ្សោយបំផុត និងគ្មានសមត្ថភាពថែមទៀត។ Fresh Exclusive មានអត្ថបទស៊ីជម្រៅ...
ក្នុងប្រវត្តិសាស្ត្រខ្មែរ ឈ្មោះអ្នកដឹកនាំណា ដែលមានសមត្ថភាពខ្លាំង ឬខ្សោយ តែងត្រូវពលរដ្ឋខ្មែរគ្រប់ៗជំនាន់ បានស្គាល់ទៅតាមរយៈការសរសេរចារឹកទុកនៅក្នុងក្រាំងមាសរបស់ជាតិខ្មែរខ្លួនឯងផង និងក៏មានចារឹកទុកក្នុងឯកសារនៃប្រទេសដទៃទៀតផងដែរ។ ជាឧទាហរណ៍ក្នុងដើមទសវត្សឆ្នាំ១៩៧០ ឈ្មោះលោក «លន់ នល់» នៃមេខ្លោងធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ត្រូវបានឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាត់ទុកថាជាមេដឹកនាំដ៏ខ្សោយម្នាក់ ដែលអសមត្ថភាពរបស់លន់នល់នោះ បានធ្វើឱ្យកម្លាំងទាហាននៃអតីតរបបសាធារណរដ្ឋខ្មែរ បានស្លាប់ច្រើនណាស់រវាងពីខែមីនា ឆ្នាំ១៩៧០ ដល់ខែមេសា ឆ្នាំ១៩៧៥។
ឯកសារនៃខួបលើកទី៦០ នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក និងកម្ពុជា បានសរសេរបង្ហាញថា មេដឹកនាំដ៏ទន់ខ្សោយឈ្មោះ លន់ នល់ នោះមិនត្រឹមតែចាយខ្ជះខ្ជាយលើលុយជំនួយសហរដ្ឋអាមេរិកអស់ ១,៦០០លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានមនុស្សស្លាប់ក្នុងសង្គ្រាមពេលនោះ អស់ចំនួន ៥០ម៉ឺននាក់ថែមទៀត។
ខណៈប្រវត្តិសាស្ត្រ បានចារឹកទុកឈ្មោះ «លន់ លន់» ជាមេដឹកនាំដ៏ទន់ខ្សោយនោះឈ្មោះបុគ្គលម្នាក់ទៀតគឺ «សម រង្ស៊ី» ក៏ត្រូវបានប្រវត្តិសាស្ត្រខ្មែរក្នុងសតវត្សទី២១នេះ បានចារឹកទុកថាជាមេដឹកនាំរបស់ក្រុមប្រឆាំងមួយដ៏ទន់ខ្សោយបំផុត និងគ្មានសមត្ថភាពសោះឡើយ។ ខណៈដែលសមត្ថភាពដឹកនាំរបស់ លន់ នល់ បានធ្វើឱ្យមនុស្សស្លាប់ដល់កន្លះលាននាក់នោះ គឺការដឹកនាំរបស់បុគ្គល សម រង្ស៊ី នេះ ក៏បានធ្វើឱ្យមនុស្សជាច្រើនបានជាប់គុក ជាប់ច្រវ៉ាក់ និងខ្លះបានបាត់បង់ជីវិត ជាមួយនឹងឈ្មោះមិនល្អនៅក្នុងប្រវត្តិសាស្ត្រថែមទៀត។
សម រង្ស៊ី ក្នុងជីវិតធ្វើនយោបាយរបស់គាត់ ក្រៅតែពីសម្តីជំរុញឱ្យមានអំពើញុះញង់ និងការប្រឈមមុខដើម្បីឱ្យខ្មែរ និងខ្មែរឈ្លោះគ្នា បុគ្គលនេះមិនដែលបានធ្វើអ្វីជាដុំកំភួនទាល់តែសោះ សម្រាប់ជាតិខ្មែរដែលជាដើមកំណើតរបស់ខ្លួន។ បុគ្គលនេះ ថែមទាំងមានឈ្មោះក្បត់ជាតិដូច លន់ នល់ និងមានប្រវត្តិធ្វើកិច្ចការស្រដៀងគ្នាផងទៀតគួរឱ្យកត់សម្គាល់។
យោងតាមឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក, លន់ នល់ នៅពេលប្រកាសបង្កើតរបប សាធារណរដ្ឋខ្មែរ គឺរបៀបវារៈសំខាន់របស់គាត់នៅក្នុងការដឹកនាំប្រទេសគឺ «បណ្តេញជនជាតិវៀតណាម ចេញពីទឹកដីកម្ពុជា» ដែលទង្វើនេះបានស្រដៀងនឹងបុគ្គលក្បត់ជាតិ សម រង្ស៊ី ដែលពីមួយថ្ងៃទៅមួយថ្ងៃ តែងប្រើប្រាស់នូវលេសនយោបាយដូចអ្វីដែល លន់ នល់ បានធ្វើដើម្បីបំរើមហិច្ឆតានយោបាយរបស់ខ្លួន។
ម្យ៉ាងទៀតបុគ្គល លន់ នល់ នៅពេលដាក់បទបញ្ជារៀបចំធ្វើការវាយលុកលើសមរភូមិម្តងៗ គាត់មិនត្រឹមតែមិនទទួលបានជ័យជំនះនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើនថែមទៀត។ ភាពស្រដៀងគ្នានោះគឺថាចំណែក សម រង្ស៊ី នេះវិញនៅពេលណា ដែលគាត់បានដាក់គំម្រោងណាមួយ ដើម្បីចង់បង្កអស្ថិរភាពជាតិកម្ពុជានោះគឺ សកម្មជនដែលជឿលង់លើនយោបាយរបស់គាត់ តែងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជួនទៅកាត់ទោសនៅតុលាការ ខណៈ សម រង្ស៊ី នោះវិញបែរជាសម្ងំរស់នៅយ៉ាងស្រូលនៅក្រៅប្រទេស និងមិនដែលគិតដល់សុខទុក្ខរបស់សកម្មជនរបស់ខ្លួនឯងដែលស្ថិតនៅក្នុងគុកនោះឡើយ។
ឯកសារទសវត្សឆ្នាំ១៩៧០ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសរសេរថា «លន់ នល់ មិនមែនជាមេដឹកនាំយោធាដ៏ខ្លាំងម្នាក់ដែលកម្ពុជាត្រូវការនោះទេ»។ ក្នុងអម្លុងពេលប៉ុន្មានខែ ក្រោមការដឹកនាំរបស់លន់ នល់ កងទ័ពខ្មែរក្រោមបង្គាប់របស់គាត់បានស្លាប់ របួស និងបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតំបន់ជាងពាក់កណ្តាលនៃប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងដៃកងទ័ពវៀតណាមខាងជើង» និងកងទ័ពជាច្រើន បានរត់ចោលជួរ និងខ្លះបានចូលរួមជាមួយនឹងសត្រូវ។
អសមត្ថភាពរបស់ លន់ នល់ នោះគឺស្រដៀងគ្នានឹងការគ្មានសមត្ថភាពរបស់ សម រង្ស៊ី ដោយសារតែបុគ្គលរូបនេះ គាត់ចូលចិត្តរត់ចោលស្រុកនៅពេលភ័យខ្លួនខ្លាចត្រូវគេចាប់ខ្លួនដាក់ក្នុងគុក។ សកម្មជនរបស់គាត់ក្រោយឃើញភាពកំសាក និងអសមត្ថភាពនោះ ក៏លែងមានជំនឿ និងពួកគេជាច្រើនបាននាំគ្នាប្រកាសដើរចេញពី សម រង្ស៊ី និងខ្លះត្រូវគេឃើញបានមកសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ការរិះគន់នឹងទង្វើដឹកនាំ សម រង្ស៊ី ក៏ធ្លាប់ត្រូវបានសកម្មជនរបស់ខ្លួនបានត្អូញត្អែរក្នុងនោះរួមមានសកម្មជនម្នាក់ឈ្មោះ អាចារ្យ ហ្វី ដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដែលបាននិយាយអំពីភាពទន់ខ្សោយរបស់បុគ្គល សម រង្ស៊ី នោះលើការដឹកនាំយ៉ាងដូច្នេះថា៖ «យកលោកពូ សម រង្ស៊ី ទៅដឹកនាំ ក៏នៅតែដឹកនាំមិនកើតហ្នឹង។ លោកពូ សម រង្ស៊ី ដឹកនាំប្រទេស គឺដឹងតែដឹកនាំអត់កើតតែម្ដង គាត់មិនយល់ពីអ្វីនៅក្នុងការដឹកនាំទេ មិនមែនខ្ញុំចេះដឹងជាងគាត់ទេ ប៉ុន្តែខ្ញុំតែងតែនិយាយថាគាត់មិនអាចដឹកនាំប្រទេសកម្ពុជាកើតទេ»។
ដូចនឹង លន់ នល់ នោះដែរគឺ សម រង្ស៊ី ធ្វើគ និងថ្លង់ ចំពោះសម្តីរិះគន់ទាំងឡាយ និងគាត់បានបន្តធ្វើជា សម រង្ស៊ី ដ៏មុខក្រាស់ជាដដែល។ នៅមានរឿងជាច្រើនទៀតដែល សម រង្ស៊ី មាន ភាពប្រហាក់ប្រហែលគ្នាជាមួយនឹង លន់ នល់ នៃមេដឹកនាំដែលគ្មានសមត្ថភាព។
យោងតាមឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដដែល គឺក្នុងឆ្នាំ១៩៧២ក្នុងពេលដែល លន់ នល់ មានជំងឺដាច់សសៃឈាមក្នុងខួរក្បាល នៅចំពេលដែលមានការបោះឆ្នោតសកលទៀតនោះ មានការរំពឹងថា គាត់នឹងត្រូវលាឈប់ពីតំណែង និងមានការរំពឹងរកមនុស្សថ្មីណាម្នាក់មកជំនួសប៉ុន្តែ លន់ នល់ បានបន្លំសន្លឹកឆ្នោត ដើម្បីគាត់បន្តដឹកនាំជាដដែល។
ទង្វើនេះ ក៏ស្រដៀងនឹង សម រង្ស៊ី ដែរដោយបុគ្គលរូបនេះ បន្ទាប់ពីបានប្រកាសលាលែងចេញពីតំណែងនៃប្រធានគណបក្ស និងពីសមាជិកភាពគណបក្សសង្គ្រោះជាតិកាលពីខែកុម្ភៈ ឆ្នាំ២០១៧រួច ស្រាប់តែមិនដល់មួយឆ្នាំផង គាត់ក៏បានប្រកាសពីក្រៅប្រទេស នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ វិញថាគាត់នឹងធ្វើជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិសាឡើងវិញ។ នេះជានយោបាយមួយដែលរងការចោទថា គ្មានភាពអៀនខ្មាសអ្វីបន្តិចសោះឡើយ។
នៅក្នុងចំណុចមួយទៀតដែលស្រដៀងនឹងទង្វើរបស់ លន់ នល់ ផងដែរ បើយោងតាមឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដដែល លន់ នល់ មិនត្រឹមមានឈ្មោះថា ជាមេដឹកនាំអសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែមានទាំងឈ្មោះ «ពុករលួយ» ថែមទៀត។ ចំណែក សម រង្ស៊ី នេះវិញក៏ធ្លាប់មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដូចគ្នាផងដែរ។
អតីតសកម្មជនរបស់ខ្លួនម្នាក់ឈ្មោះ ធី សុវណ្ណថា ក៏ធ្លាប់បានសរសេរនូវអំពើពាក់ព័ន្ធពុករលួយ របស់បុគ្គល សម រង្ស៊ី នេះជាមួយនឹងអ្វី ដែលសកម្មជនហៅថាជាការសន្យាខ្យល់ថែមទៀត។ សកម្មជន ធី សុវណ្ណថា បានបើកកកាយថា ក្នុងឆ្នាំ២០១៣ ទណ្ឌិត សម រង្ស៊ី បានប្រើពាក្យស៊ូស្លាប់មិនចូលសភា និងមិនក្បត់ឆន្ទៈរាស្ត្រ ប៉ុន្តែទីបំផុតបានចូលសភា និងក្បត់ឆន្ទៈអ្នកគាំទ្រ។ ឆ្នាំ២០១៤ ទណ្ឌិត សម រង្ស៊ី បានសន្យាធ្វើបាតុកម្មរហូតដើម្បីឱ្យមានការបោះឆ្នោតសាឡើងវិញ ប៉ុន្តែក្រោយការទទួលលាភសក្ការៈ ការសន្យានោះបានក្លាយជាការសន្យាខ្យល់។
ឆ្នាំ២០១៥ សម រង្ស៊ី បានសន្យាបើកទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែទូរទស្សន៍ព្រះអាទិត្យ មិនដែលបានកើតឡើងឡើយ ដោយសារតែអំពើពុករលួយចាយលុយអស់ទៅហើយ។ ឆ្នាំ២០១៧, ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ សម រង្ស៊ី បានសន្យាច្រើនណាស់ប៉ុន្តែជាការសន្យាខ្យល់ និងមេខ្លោងក្រុមជ្រុលនិយមរូបនេះ បាននិយាយញុះញង់ឱ្យមនុស្សក្រោមបង្គាប់របស់ខ្លួនធ្វើសកម្មភាពខុសច្បាប់ជាច្រើនដើម្បីប្រឆាំងជាមួយនឹងអាជ្ញាធរនិងរាជរដ្ឋាភិបាល ប៉ុន្តែអ្នកដែលរងទុក្ខនោះមិនមែន សម រង្ស៊ី ឡើយគឺមនុស្សមួយចំនួនដែលជឿលង់នឹងនយោបាយទុច្ចរឹតរបស់គាត់តែប៉ុណ្ណោះ។
សកម្មជនជាច្រើនរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងពេលចាកចេញពី សម រង្ស៊ី នៅក្នុងឆ្នាំ ២០២៣ និង២០២៤ ចុងក្រោយនេះតែងនិយាយថា «សម រង្ស៊ី គឺជាមេដឹកនាំដែលគ្មាន ការគិតគូរយុទ្ធសាស្ត្រច្បាស់លាស់ និងធ្វើឱ្យមនុស្សក្រោមបង្គាប់តែងតែទទួលរងនូវការគាបសង្កត់ និងគ្រោះថ្នាក់ដល់ជីវិត ព្រមទាំងចូលចិត្តគិតអ្វីដែលជាការបំផ្លាញជាតិដើម្បីតែមហិច្ឆតាខ្លួនឯង»។
សម រង្ស៊ី នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២៤ មេខ្លោងក្រុមជ្រុលនិយមរូបនេះ នៅបាននិយាយចោទប្រកាន់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មិនត្រូវបានគោរពដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។ មេខ្លោងក្រុមជ្រុលនិយមរូបនេះ នៅបាននិយាយមួលបង្កាច់ទៀតថា «ប្រទេសកម្ពុជា បានឆ្ពោះទៅរករបបផ្តាច់ការដោយគ្រួសារ ហ៊ុន សែន ប្រមូលក្តោបអំណាចទាំងមូល និងកាត់ផ្តាច់សេរីភាពនយោបាយ» ថែមទៀត។
ប៉ុន្តែប្រវត្តិសាស្ត្រខ្មែរ បានកត់ត្រាទាំងអស់នូវរាល់សកម្មភាពទាំងឡាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស គឺការនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលកិច្ចព្រមព្រៀងសន្តិភាពនេះ នឹងមិនអាចកើតឡើងបានឡើយ បើគ្មានវត្តមាននិងការអនុវត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ ឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏នៅបានសរសេរបង្ហាញការទទួលស្គាល់នូវកិច្ច ប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរក្នុងការរួមចំណែកបង្កើតឱ្យមាននូវកិច្ច ព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។
ឯកសារបានសរសេរថា «ប្រទេសទាំង៥នៃសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ គឺសហរដ្ឋអាមេរិក, ចិន, បារាំង, រុស្ស៊ី និងអង់គ្លេស បានចូលរួមពិភាក្សាយល់ព្រមលើផែនការឱ្យរដ្ឋាភិបាលោក ហ៊ុន សែន រក្សាការគ្រប់គ្រងលើស្ថាប័នបច្ចេកទេសរបស់ខ្លួន តែផ្ទេរការគ្រប់គ្រងរដ្ឋបាលនៃក្រសួងទៅឱ្យអង្គការសហប្រជាជាតិ» ដែលកំណត់ត្រាទាំងនេះ គឺបានទទួលស្គាល់ថាសម្តេចតេជោ ហ៊ុន សែន នៃភាគីរដ្ឋកម្ពុជា គឺជាភាគីដែលគោរពខ្ជាប់ខ្ជួន លើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងមិនមែនជាភាគីដែល សម រង្ស៊ី បានសរសេរថា «បដិសេធមិនគោរពតាមលក្ខខណ្ឌម្តងបន្តិចៗ» នោះឡើយ។
ឯកសារសហរដ្ឋអាមេរិក បានសរសេរកត់សម្គាល់ថា ដោយសារតែមានការជឿជាក់លើកិច្ចព្រមព្រៀងនោះហើយ សម្តេចព្រះនរោត្តមសីហនុ និងព្រះជាយានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ បានយាងវិល ត្រឡប់ចូលមកកម្ពុជាវិញ។ ការយាងចូលប្រទេសវិញក្នុងពេលនោះក្សត្រទាំង២អង្គ បានទទួលនូវភាពកក់ក្តៅយ៉ាងក្រៃលែងក្រោមការអមដំណើរដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាំងពីរាជធានីប៉េកាំងនៃប្រទេសចិន តាមជើងយន្តហោះមកដល់រាជធានីភ្នំពេញ។
ឯកសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកត់សម្គាល់ទៀតថា សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ នាពេលនោះបានស្ថិតនៅលើរថយន្តអត់ដំបូលម៉ាក Chevrolet Impala ផលិតឆ្នាំ១៩៦៣ ធ្វើដំណើរពីព្រលានយន្តហោះ មកព្រះបរមរាជវាំងថែមទៀត ដោយមានការ ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជន ខ្មែរច្រើនម៉ឺននាក់ក្នុងក្រុងភ្នំពេញនាជំនាន់នោះ។
ដូច្នេះ សម្តីគ្មានការពិតរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី និយាយមួលបង្កាច់ការពិតជុំ វិញរឿងកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៣ តុលា គឺជាសម្តីដែលបង្ហាញនូវភាពញុះញង់ និងជាការកាន់តែបង្ហាញប្រាប់សកម្មជនរបស់ខ្លួនឱ្យកាន់តែដឹងទៀតថា សម រង្ស៊ី គឺជាមេដឹកនាំបក្ខប្រឆាំងដ៏ទន់ខ្សោយ និងគ្មានសមត្ថភាពឡើយ ហើយឈ្មោះអាស្រូវរបស់ សម រង្ស៊ី និងអំពើក្បត់ជាតិរបស់គាត់នឹងមិនអាចលុបជ្រះចេញពីក្រាំងមាសនៃប្រវត្តិសាស្ត្ររបស់ជាតិ និងអន្តរជាតិបានឡើយ៕