(កាហ្សាន)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាគ្នាផ្លូវការជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

ជំនួបនេះធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានធូរស្រាលឡើងវិញ ក្រោយពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ២០២០។ កាលពីពេលថ្មីៗនេះ ឥណ្ឌានិងចិន បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះព្រំដែន។

ជំនួបពិភាក្សារវាងលោក Modi និងលោក Xi នេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវការវិនិយោគពីប្រទេសចិនមកកាន់ប្រទេសឥណ្ឌាកាន់តែច្រើន ហើយវាជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានលក្ខណៈធម្មតាឡើងវិញ។​ ទន្ទឹមគ្នានេះ វាក៏បានបង្កើនក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចដោះស្រាយជម្លោះព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតផងដែរ។

ទោះយ៉ាងណាអ្នកវិភាគជឿថា ការស្តារទំនាក់ទំនងឡើងវិញ រវាងឥណ្ឌានិងចិននឹងត្រូវការពេលវេលា។ ភាគីទាំងពីរនៅតែមានការមិនទុកចិត្តគ្នា និងបន្តដាក់ពង្រាយកងទ័ពនៅតាមព្រំដែន៕