(បាត់ដំបង)៖ រយៈកាលចុងក្រោយនេះឃើញសកម្មភាពមន្រ្តីរដ្ឋបាលជលផល និងកម្លាំងពាក់ព័ន្ធ សហគមន៍នេសាទបានធ្វើការបង្រ្កាបបទល្មើសនេសាទជាបន្តបន្ទាប់នៅតាមដង ស្ទឹងសង្កែនិងតាមតំបន់ទន្លេសាបជាប់ខេត្តបាត់ដំបងនិង ពិសេសភូមិសាស្រ្តស្រុកឯកភ្នំក្នុងរដូវបិទនេសាទ និងរឹបអូសបានវត្ថុតាងមួយចំនួន ធ្វើការដុតកម្ទេចចោលនៅនឹងកន្លែងភ្លាម។

តាមរបាយការណ៍របស់មន្រ្តីខ័ណ្ឌរដ្ឋបាលជលផល ដែលផ្តល់បានឱ្យដឹងថា កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ មន្រ្តីជលផល កងរាជអាវុធហត្ថ នគបាលប៉ុស្តិ៍ ប្រជាការពារ និងសហគមន៍នេសាទសរុប១៤នាក់ បានសហការគ្នាប្រើប្រាស់កាណូត៣គ្រឿងបង្រ្កាបបទល្មើសនេសាទពីរ ករណីនៅចំណុច ខាងជើងបឹងធំ ឃុំព្រែកនរិន្ទ និងអូរសាឃរ ឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង ។

មន្រ្តីខ័ណ្ឌជលផលបានបន្ថែមក្នុងរបាយការណ៍ថាលទ្ធផលនៃការចុះបង្ក្រាបខាងលើនេះ បានរុះរើបំផ្លាញចោល សាច់មង ១៥៥០ម៉ែត្រ បង្គោល៣១០ដើម ឡុកចាប់ត្រី ០៥គ្រឿងនិងត្រីចម្រុះ១០ គីឡូក្រាម ព្រលែងចូលទន្លេវិញ។

ការបង្រ្កាបទីតាំងខាងលើនេះយើងកត់សម្គាល់ថាកាលពីថ្ងៃទី ២០ ខែតុលាឆ្នាំ២០២៤ អ្នកសារព័ត៌មានមួយក្រុមបានចុះថតផ្តិតយករូបភាពការប្រើប្រាស់ឧបករណ៍ល្មើសនេសាទ ច្រើនកន្លែងនៅចំណុច ខាងជើងបឹងធំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលអ្នកព័ត៌មានោះបញ្ជាក់ថា មានប្រវែងប្រហែល ៤,០០០ ម៉ែត្រ ។

នៅថ្ងៃទី២២ខែតុលា ក្នុងអ្នកព័ត៌មានដដែល ក៏បានរូបភាពនៃការប្រើប្រាស់ឧបករណ៍នេសាទ បរណរ៉ាវ នៅទីតាំងផ្សេងទៀតផងដែរ នៅចំណុច ផ្លូវ បំបែក បត់ចូលព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានបទល្មើសនេសាទច្រើន ។

លោក អ៊ុយ ណារ៉ុង មេឃុំព្រៃចាស់ បានទទួលស្គាល់ថានៅចំណុចផ្លូវបំបែក បត់ចូលព្រៃចាស់ខាងលើដែលអ្នកព័ត៌មានរាយការណ៍តាមបណ្តាញសង្គមនោះ ពិត
ជាមានមែន ប៉ុន្តែធ្វើជាលក្ខណៈគ្រួសារខ្លីៗ ដើម្បីចិញ្ចឹមជីវិត និងធ្វើនុយសម្រាប់ត្រីចិញ្ចឹមរបស់ពួកគាត់នៅឃុំព្រៃចាស់ប៉ុណ្ណោះ មិនមានឈ្មួញរឺថៅកែណាមកដាក់រាប់គីឡូដីនោះទេ ។

លោក អ៊ុយ ណារ៉ុង បញ្ជាក់ថា កម្លាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែតុលានេះថា កម្លាំងនគបាលតែងតែបន្តសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធដើម្បីធ្វើការបង្រ្កាបបទល្មើសនិងចុះល្បាតជាបន្តបន្ទាប់រហូតមកពិសេសក្នុងរដូវត្រីពង។

លោកស្នងការបញ្ជាក់ថា ដោយសារភូមិសាស្រ្តតំបន់ទន្លេសាបទូលំទូលាយនិងមានព្រៃរនាមផង កម្លាំងនគបាលនិងកម្លាំងជំនាញមិនអាចពិនិត្យមើលនិងបង្រ្កាបបទល្មើសអស់នោះទេ គឺកន្លងមកក៏មានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋនិងសហគមនេសាទ និងអ្នកសារព័ត៌មានជាដើម កម្លាំងជំនាញបានចុះទៅធ្វើការបង្រ្កាបភ្លាម ។

លោកបន្ថែមថា កម្លាំងនគបាលតែងតែសហការជាមួយអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធធ្វើការចុះអប់រំដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ និងកុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់បន្តទៀត។

យោងតាមរបាយការណ៍របស់ស្នងការខេត្តបានឱ្យដឹងថា អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង ចូលរួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែចុះបង្ក្រាបបទ ល្មើសនេសាទនៅភូមិសាស្ត្រឃុំតាប៉ុនស្រុកសង្កែ កាលពីថ្ងៃទី២២ខែតុលា ដែលលទ្ធផលគឺបានបំផ្លាញសាច់មងចំនួន ១.៥០០ ម៉ែត្រ បង្គោលចំនួន៦៥០ ដើម ឡុកចាប់ត្រីចំនួន ១៤ លែងកូនត្រីចំនួន១៥គីឡូក្រាម និងដុតបំផ្លាញសម្ភារៈ ចោលនៅនឹងកន្លែងផងដែរ។

លោក គ្រឿម រដ្ឋា អភិបាលរងស្រុកសង្កែ ដែលដឹកនាំ កិច្ចប្រតិបត្តិការខាងលើនេះបានប្រាប់អ្នកព័ត៌មានថា បេសកកម្មបង្រ្កាបនេះ ធ្វើឡើងរយះពេលពេញ០១
ថ្ងៃ នៅចំណុចទីតាំង០២ផ្សេងគ្នា ស្ថិតក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយប្រើកម្លាំងសរុបចំនួន ២៨នាក់ និងកាណូត០៨គ្រឿង។

លោកបន្ថែមថា ទីតាំងបង្រ្កាបខាងលើនេះ កម្លាំងជំនាញបានចុះទៅលើទីតាំងចំនួន០២ ក្នុងនោះមានចំណុចអង្តែន+ឡធ្យូង និង ចំណុចអូរជ្រៃ+ចាក់អង្ករ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង៕