(ភ្នំពេញ)៖ រោងចក្រ-សហគ្រាស មានចំនួនច្រើនឡើងជាបន្តបន្ទាប់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យរួចហើយ។

រោងចក្រ សហគ្រាសចំនួន ១០កន្លែងផ្សេងទៀត បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍ជាបន្តបន្ទាប់ ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ដែលត្រូវរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់រួមមាន នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងផលិតឱសថ នៅក្នុងខេត្តស្វាយរៀង, ខេត្តកណ្តាល, ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ម្ចាស់ទីតាំង ឬប្រតិបត្តិករ នៃឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា ដែលមានចែងដូចខាងក្រោម៖

១-ក្រមបរិស្ថាន និងធនធានធម្មជាតិ (២៨ ខែមិថុនា ២០២៤)៖ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩៖ ការបញ្ចេញសំណល់ ឬសារធាតុបំពុលទៅក្នុងបរិស្ថានមិនស្របតាមស្តង់ដារបញ្ចេញសំណល់ មាត្រា៨៤៥៖ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់

២-អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹកត្រង់មាត្រា២៣

៣-អនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩មាត្រា១១ មាត្រា១២ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យ លេខ២៧ អនក្រ.បក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៖ ត្រង់មាត្រា៤.-ថ្មី

៤- ប្រកាសលេខ ៣០២ ប្រ.ក ប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្តានុពល ត្រង់ប្រការ៥។

សូមបញ្ចាក់ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ផ្តល់ប្រយោជន៍មួយចំនួនដូចជា៖

ទី១) អាចធ្វើការត្រួតពិនិត្យ និងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់

ទី២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តង់ដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស

ទី៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ

ទី៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជារឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬឈានទៅផ្អាកជាបណ្តោះអាសន្ន នូវការបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬការលេចធ្លាយ ឬការលួចបញ្ចេញ៕