(ភ្នំពេញ)៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា និងបានប្រកាសផ្តល់ជំនួយ១២លានដុល្លារអាមេរិក ជួយបោសសំអាតមីន។

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេស​មួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជ​រដ្ឋា​ភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹង​ជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។

លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បី​រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់​ប្រជាពល​រដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រី នឹងប្រកាសការវិនិយោគចំនួន ១២លានដុល្លារ​អាមេ​រិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធ​ភ័ណ្ឌ​មិនទាន់ផ្ទុះ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជា​ជន​សហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជា​ចាប់​តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕