(មណ្ឌលគិរី)៖ «ផ្តើមស្នេហ៍ អូរតេធិបតី» វណ្ណកម្មចម្រៀងថ្មីមួយបទទៀត របស់កវីតន្ត្រីធិបតី លោក សុខ ជំនោរ ដែលជាកវីល្បីឈ្មោះយូរឆ្នាំមកហើយ។ «ផ្តើមស្នេហ៍ អូរតេធិបតី» ជាវណ្ណកម្ម ដែលរៀបចំឡើងរំលេចសមិទ្ធផលថ្មីលើដីមណ្ឌលគិរី គឺទំនប់អូរតេធីបតី។

ទំនប់អូរតេធីបតី ជាទំនប់ស្តុកទឹកដ៏ធំមួយក្នុងចំណោមទំនប់ទឹកទាំង៣ក្នុងខេត្តមណ្ឌលគិរី ដែលសាងសង់ដោយរាជរដ្ឋាភិបាល ដើម្បីទាញយកទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងស្រោចស្រពក្នុងវិស័យកសិកម្ម។ ទំនប់អូរតេធីបតី ក៏ដូចជាទំនប់ពីរផ្សេងទៀតមានគុណតម្លៃមហាសាលសម្រាប់ពលរដ្ឋខេត្តមណ្ឌលគិរី។

«ផ្តើមស្នេហ៍ អូរតេធិបតី» លោកកវី សុខ ជំនោរ បង្ហូមនោសញ្ចេតនាស្នេហាស្រីប្រុសភពប្រសព្វថ្ងៃសម្ពោធទំនប់ ហើយក៏បានរំលេចសម្រស់ខេត្តមណ្ឌលគិរីដ៏ស្រស់បំព្រងប្រៀបបានឋានសួគ៌ទេសចរណ៍ ជាទីត្រេកអរសម្រាប់មនុស្សផងទាំងពួង។

«ផ្តើមស្នេហ៍ អូរតេធិបតី» គ្រប់គ្រងការផលិតដោយលោក គួច វែងស្រ៊ុន , ដឹកនាំការផលិត និងនិពន្ធទំនុកច្រៀងដោយលោក សុខ ជំនោរ។

បទនេះនិពន្ធបទភ្លេង និងច្រៀងដោយអ្នកចម្រៀងសំឡេងមានទឹកដមផ្អែមស្រទន់ និងក្រអៅក្រអួន ពេជ្រ សុភួង៕