(មណ្ឌលគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនត្រឹមតែផែនការនោះទេ គឺជាសមិទ្ធផលជាក់ស្តែងនៅលើដី ហើយសមិទ្ធផលដែលធ្វើហើយនោះគឺបានផ្តល់ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាលសម្រាប់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំនិយាយពីដើមទីរួចមកហើយ តាំងពីដើមអាណត្តិមក គោលនយោបាយល្អឥតខ្ចោះវាអត់សំខាន់នោះទេ វាល្អបានត្រឹម ៤០ ទៅ ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកត្តាកំណត់នៃភាពជោគជ័យនោះគឺលទ្ធផលជាក់ស្តែងនៅលើដី ហើសមិទ្ធផលដែលធ្វើហើយនោះគឺបានផ្តល់ផលប្រយោជន៍ជាក់ស្តែងឱ្យប្រជាពលរដ្ឋ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែនៅរូបភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើដីសម្រាប់ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ជាក់ស្តែងដូចជាការសម្ពោធ ទំនប់អូរតេធិបតីនេះជាដើម ហើយនេះគឺជាអ្វីដែលយើងត្រូវតែខិតខំជម្រុញបន្តទៅមុខទៀត ដែលជាលទ្ធផលនៅលើដីសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាក់ស្តែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ មិនមែនតែមួយវិស័យនោះទេ ហើយក៏មិនអាចដោះស្រាយ ដោយជប់មួយថ្ងៃបានចេញទាំងអស់នោះដែរ គឺយើងត្រូវធ្វើការជាជំហាន។ សម្តេចបានបញ្ជាក់ថាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ គឺជារយៈពេលដែលយើងបានដើរទៅមុខជានិច្ច ក្រោយពីកម្ពុជាបានចប់សង្គ្រាម ដែលបានដើរតាំងពីមិនសូវមានមនុស្ស មកមានមនុស្ស តាំងពីមិនសូវមានផ្លូវតភ្ជាប់ មកជាមានផ្លូវតភ្ជាប់ រហូតមានដល់មត្តេយ្យសិក្សា មធ្យមសិក្សា សាលាឧត្តមសិក្សា មានមណ្ឌលសុខភាព ពង្រាយតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើបន្ថែមទៀតផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទោះបីជាសមិទ្ធផលទាំងនេះនៅមិនគ្រប់សម្រាប់ប្រជាពលរដ្ឋ តែយើងគឺត្រូវតែទទួលស្គាល់នូវការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយបើទោះបីជាសមិទ្ធផលទាំងនោះមិនអាចគ្រប់តម្រូវការ តែរាជរដ្ឋាភិបាលក៏មិនបាននៅស្ងៀមនោះដែរ គឺបានបន្តធ្វើនឹងដោះស្រាយនៅគ្រប់វិស័យទាំងអស់ជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាក្នុងការថែរក្សាស្ថេរភាព សន្តិសុខ សុវត្ថិភាព និងរួមគ្នាអភិវឌ្ឍសមិទ្ធផល ដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋផងដែរ៕