(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត នៅក្រោយពេលដែរ ដើមឈើសន្តិភាពមួយនេះត្រូវបានដូនតាយើងខំប្រឹងប្រែងណាស់ ប៉ុន្តែតែងតែមានអ្នកដុត ដង្កូវព្យាយាមស៊ី និងបំផ្លាញរហូតមក។ សម្ដេចមហាបវរធិបតី បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ភោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី សមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចការនេះ គឺយើងត្រូវធ្វើយ៉ាងណាដើម្បីធានានូវកត្តាបុរេសកម្មដើម្បីអភិវវឌ្ឍន៍ គឺសន្តិភាពនេះឯង។ ការបំផុសរឿង CLV-DTA នេះគឺជាផ្នែកមួយនៃការធ្វើឱ្យបែកបាក់សាមគ្គីជាតិ តាមរយៈការមិនទុកចិត្តគ្នាដែលជាគ្រោះថ្នាក់ធំ។ ខ្ញុំសូមនិយាយអំពីកត្តាសន្តិភាព និងផ្លែផ្កាសន្តិភាពសន្តិភាពហាក់ដូចជាដើមឈើ ផ្លែផ្កានៃសន្តិភាពគឺជាផលដែលយើងទទួលបាន ៥០០ឆ្នាំហើយដែលបុព្វបុរសយើងខំដាំដើមឈើសន្តិភាព តែដាំដុត ដាំដុត ដាំបង្កូវស៊ីអស់ អត់បានផ្លែអត់បានអីឱ្យប្រជាពលរដ្ឋទេ ទើបតែឆ្នាំ៩៨ទេ ដែលដាំដើមនេះរស់ ហើយមានចីរភាព មាននិរន្តរភាព។ ម្សិលមិញថ្ងៃ២៣តុលា ខួប៣៣ឆ្នាំ ២៣តុលា ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពដេលថ្នាក់ដឹកនាំយើង ទាំងសម្ដេចព្រះបរមរតនកោដ ព្រះបាទនរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន គ្រប់ភាគីបានចុះកិច្ចព្រមព្រៀងដើម្បីឆ្ពោះទៅរកការកសាងដាំដើមឈើសន្តិភាព នាពេលនោះ, UN ចំណាយជាង១ពាន់លាន អស់រាប់ពាន់លានដុល្លារ ដើម្បីបញ្ចប់សង្រ្គាម តែដាំដើមឈើសន្តិភាពមួយនោះមិនបានដុះពេញលេញទេ យើងនៅវាយគ្នារហូតដល់ឆ្នាំ១៩៩៨ ទើបដើមឈើនោះចាប់ផ្ដើមអស់ដង្កូវឌួង ចាប់ផ្ដើមផ្ដល់នូវផ្លែផ្កាខ្លះ សម្រាប់យើង ប្រជាជនយើង បានទទួលផល ដូចជាខេត្តនៅទិសឦសាន្ត ដោយសារបានឈប់បាញ់ ឈប់វាយគ្នា ប្រទាក់ក្រឡាគ្នាឡើងវិញ បានយើងអភិវឌ្ឍន៍២៥ឆ្នាំនេះបានរីកចម្រើនខ្លះ។ អីចឹងហៅថាផ្លែផ្កាសន្តិភាពដែលយើងទទួលបាន ថ្នាក់ដឹកនាំខិតខំពុះពារ យោធិន នាយទាហាន ពលទាហាន កងកម្លាំងយើងពលីច្រើនណាស់នៅលើសមរភូមិ ដើម្បីដាំនូវដើមសន្តិភាពមួយនេះ អ្នកដែលទទួលបានផ្លែផ្កានៃសន្តិភាពនេះ គឺយើង អ្នកដែលកំពុងរស់បច្ចុប្បន្ន បូកនិងកូនចៅយើងរាប់រយឆ្នាំតទៅមុខទៀត។ អីចឹងត្រូវរួមគ្នាយើងមិចការពារដើមឈើសន្តិភាពមួយនេះ កុំឱ្យដង្កូវស៊ីសម្លាប់ដើមសន្តិភាពនេះបាន យើងត្រូវរួមគ្នាថែរក្សាដើមនេះឱ្យបាន។ អ្នកចង់ទៅដុត ទៅកាប់មែក សុំទប់កុំឱ្យធ្វើ ធ្វើយ៉ាងណាដើមនេះអាចដុះបានទាល់តែខ្មែរយើងឯកភាព សាមគ្គីគ្នា រួមគ្នាថែរក្សាទើបបានផ្លែផ្កាជានិរន្ត។
ជាមួយគ្នានេះសម្ដេចមហាបវរធិបតី បានបន្ថែមថា៖ «កម្ពុជាអត់មានធ្វើដើម្បីរណបនរណាគេទេ កម្ពុជារដ្ឋឯករាជ្យ អធិបតេយ្យ ប្រជាជនយើង១៧លាននាក់ ចេញពីអាពតសលតែ៥លាន ប្រហែលជា១០ឆ្នាំទៀតអាចឡើងដល់២០ ទៅ២០លានជាងបើអ្នកមណ្ឌលគិរី កាន់តែមានកូនច្រើនអាចអាចកាន់តែកើនថែមទៀត។ ដីខ្មែរ ប្រជាជនខ្មែររស់នៅបង្កើតកូនឱ្យច្រើនកសាងសេដ្ឋកិច្ច កសាងលក្ខខណ្ឌអំណោយទានឱ្យប្រជាពលរដ្ឋយើងកាន់តែរីកចម្រើន និងហើយគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤០ឆ្នាំ ហើយអាណត្តិទី៧នេះយើងនៅបន្តធ្វើយ៉ាងណាឱ្យប្រជាជនខ្មែររបស់យើងនៅគ្រប់គ្រកន្លែងរួមទាំងនៅខេត្តឦសាន្តរបស់យើងកាន់តែរីកចម្រើនធំធាត់គ្រប់វិស័យទាំងអស់មិនថា សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ឬពាណិជ្ជកម្ម ត្រូវតែរីកចម្រើនរឹងមាំ វិនិយោគទៅលើសុខាភិបាល អប់រំនៅតែបន្តដើម្បីឱ្យកូនខ្មែរកាន់តែខ្លាំង នេះគឺជាគោលដៅ និងការផប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរបស់យើង»។
សូមជម្រាបថា សន្តិភាពដែលកសាងឡើងនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាសន្តិភាពដ៏ពេញលេញ និងយូរអង្វែងមួយ ដែលកម្ពុជាបានជួបប្រទះនៅក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា៥០០ឆ្នាំចុងក្រោយនេះ។
បន្ថែមពីនេះ ផ្ដើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ១៩៩៣ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលឈានសម្រេចបាននូវសន្តិភាពពេញលេញនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានអនុវត្តយ៉ាងខ្ជាប់ខ្ជាប់ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន តាមរយៈការធានារក្សាបាននូវការបោះឆ្នោតជាទៀងទាត់ តាមបែបប្រជាធិបតេយ្យនៅរៀងរាល់នីតិកាលនៃរដ្ឋសភា ដោយមិនមានការខកខានទាំងការបោះឆ្នោតជាសកលនិងអសកល, ការអនុម័តនិងអនុវត្តច្បាប់ជាធរមានផ្សេងៗអនុលោមតាមរដ្ឋធម្មនុញ្ញ និងការធានាបាននូវការគោរពសិទ្ធិមនុស្ស សិទ្ធិចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង។