(ភ្នំពេញ)៖ ពីលើវេទិកាក្នុងពិធីសម្ពោធទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគិរី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មីម្ដងទៀតថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ ឬយកច្បាប់របស់ប្រទេសណាមួយមកអនុវត្តនៅលើទឹកដីនៃប្រទេសកម្ពុជានោះឡើយ។
ក្នុងពិធីនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកបញ្ជាក់ឡើងវិញ នៅក្នុងរយៈពេល២៥ឆ្នាំ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬច្បាប់របស់ប្រទេសណាយកមកអនុវត្តនៅខេត្តមណ្ឌលគិរីទេ មានតែខេត្តមណ្ឌលគិរី មានតែពីប្រទេសផ្សេងចូលមកព្រំដែនត្រូវច្បាប់អន្តោប្រវេសន៍របស់យើង ការគោរពគ្នាទៅវិញទៅមក ឥវ៉ាន់ដឹកទៅវិញទៅមកនេះគឺជាការពិត។ ខ្ញុំសូមយកឱកាសនេះមកដើម្បីលើក នៅពេលឈរលើទឹកដីទិសឦសាននេះហើយ»។
បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវរឿងអស់សំណើចនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពេញបែបបទក្នុងការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណហើយនោះ បែរជាក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅតែបន្ដចិញ្ចឹមចិត្តវាយប្រហាររាជរដ្ឋាភិបាល និងបន្ដដុតរោលបញ្ឆេះប្រជាពលរដ្ឋ ដោយចោទប្រកាន់ផ្ទុយពីការពិតថា រាជរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនទៅវិញ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែលកម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
ប្រមុខការទូតកម្ពុជាបានលើកឡើងក្នុងលិខិតថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម្មត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។
ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕