(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថាកងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការបណ្ដុះបណ្ដាលក្នុងប្រទេសជាយុទ្ធសាស្ត្រយូរអង្វែង សម្រាប់កសាងសមត្ថភាពយោធិន។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមពិធីប់កវគ្គវិក្រឹត្យការបញ្ជាការ-សេនាធិការ និងវគ្គបណ្ដុះបណ្ដាលបញ្ជាការ-សេនាធិការ ជំនាន់ទី២៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ។
នាឱកាសនេះ លោក ឥត សារ៉ាត់ បានមានប្រសាសន៍ថា នេះជាលើកទីមួយ ដែលមហាវិទ្យាល័យបញ្ជាការ-សេនាធិការ បានប្ដូរពីសាកលវិទ្យាល័យការពារជាតិ មកចំណុះអគ្គបញ្ជាការដ្ឋាន ហើយបានផ្លាស់ប្ដូរឈ្មោះមកជា វិទ្យាស្ថានបញ្ជាការ-សេនាធិការ ដែលមានទីតាំងនៅសាលានាយទាហានសកម្មនេះ។
លោកបានបន្តថា ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមកោតសសើរ ចំពោះការខិតខំរបស់វិទ្យាស្ថានបញ្ជាការ-សេនាធិការ និងស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំបើកវគ្គបញ្ជាការ-សេនាធិការ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការបានជោគជ័យ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា៖ «ការបើកវគ្គថ្ងៃនេះ បានបង្ហាញឱ្យឃើញថា កងយោធពលខេមរភូមិន្ទនៅតែចាត់ទុកការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺននៅក្នុងប្រទេសជាយុទ្ធសាស្រ្តយូរអង្វែង ក្នុងការកសាងសមត្ថភាពធនធានមនុស្សសម្រាប់យោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ និងមានសមត្ថភាពពិតប្រាកដ ទាំងវិទ្យាសាស្រ្តមូលដ្ឋាន និងវិទ្យាសាស្ត្រយោធា ប្រកបដោយចំណេះដឹង និងចំណេះធ្វើ ដើម្បីទៅបំពេញភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួននាពេលអនាគត»។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ការបើកវគ្គនេះ គឺជាផ្នែកមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ លើវិស័យបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនធនធានមនុស្ស តាមអនុសាសន៍ណែនាំរបស់ សម្ដេចបវរធិបតី ក្នុងពិធីខួបលើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីបំពេញភារកិច្ចឱ្យបានជោគជ័យជូនជាតិមាតុភូមិគ្រប់កាលៈទេសៈ។
លើសពីនេះ អគ្គមេបញ្ជាការរងរូបនេះ បានថ្លែងថា ការណ៍នេះ ទាមទារឱ្យវិទ្យាស្ថានរៀបចំចាត់តាំងយោធាចារ្យគ្រប់រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រកបដោយសមត្ថភាព និងចេះស្វែងយល់ពីការងារយោធា មានចំណេះដឹងគ្រប់យ៉ាងក្នុងការបង្ហាត់បង្រៀនដល់សិក្ខាកាមម្នាក់ៗ។
លោកបានបន្តថា ការចាត់តាំងយោធាចារ្យឱ្យបានគ្រប់គ្រាន់ គ្រប់វិញ្ញាសារដល់វគ្គនីមួយៗជាការចាំបាច់។ យោធាចារ្យត្រូវមានសមត្ថភាព និងយល់ដឹងច្បាស់លាស់ពីខ្លឹមសារឯកសារដែលខ្លួនបង្រៀន ទោះបីការបង្ហាត់បង្រៀននៅលើទីលានក៏ដោយ ក្រៅពីចំណេះដឹងនៃឯកសារ យោធាចារ្យគ្រប់រូបត្រូវមានគរុកោសល្យក្នុងការបង្ហាត់បង្រៀន ធ្វើយ៉ាងណាឱ្យសិក្ខាកាមងាយយល់ ងាយចេះ ងាយចាំ ជាពិសេសការរៀបចំឯកសារសម្រាប់បង្រៀន និងការបង្ហាត់បង្ហាញ ការពន្យល់ ការបកស្រាយ ការលើកឧទាហរណ៍ផ្សេងៗ និងត្រូវខិតខំស្រាវជ្រាវឯកសារ តាមការវិវត្តន៍សភាពការណ៍ថ្មីៗ តាមយុទ្ធសាស្ត្រការពារជាតិ តាមការរីកចម្រើនបច្ចេកវិទ្យាយោធានៃសង្គ្រាម និងគ្រឿងបំពាក់ដែលកំពុងប្រើប្រាស់ក្នុងសង្គ្រាមនាពេលបច្ចុប្បន្ន។
ជាថ្មីម្ដងទៀត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សិក្ខាកាមដែលបានចាត់តាំងមករៀនវគ្គទាំងពីរនេះ ត្រូវជ្រើសរើសឱ្យស្របតាមលក្ខណៈសម្បត្តិនៃវគ្គនីមួយៗ និងត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ យកចំណេះដឹង ចំណេះធ្វើ ទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្ដែង ហើយត្រូវខិតខំអនុវត្តតាមបទបញ្ជាផ្ទៃក្នុងវិទ្យាស្ថាន ដើម្បីពង្រឹងគុណភាពហ្វឹកហ្វឺន ពេលចប់វគ្គមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច៕