(កណ្ដាល)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកណ្ដាល ក្រោមប្រធានបទ «ការឈ្វេងយល់អំពីតួនាទីអង្គការសង្គម ស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាព លោក ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស តំណាងលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស និងលោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ដកណ្ដាល។
ថ្លែងនៅក្នុងវេទិកាសន្ទនានេះ លោក ណុប ដារ៉ា អភិបាលរងខេត្ដកណ្ដាល បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានទទួលនូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរឡើង។
សម្រាប់ខេត្ដកណ្ដាល មានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ សរុបទូទាំងខេត្តនៅឆ្នាំ២០២៤ មានចំនួន៥៥៦។ ក្នុងន័យនេះ រដ្ឋបាលខេត្តកណ្ដាល នឹងបន្ដការងារពង្រឹង ពង្រីកភាពជាដៃគូដោយបន្ដថែរក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយបណ្ដាគូរអភិវឌ្ឍន៍នៅក្នុងខេត្ត។
ជាកិច្ចបន្ដលោក ដួង វីរ័ត្ន បានលើកឡើងអំពីគោលបំណង នៃការរៀបចំវេទិកាសន្ទនានាពេលនេះ គឺជាការឈ្វេងយល់ពីបញ្ហាប្រឈមនានារបស់បណ្ដាដៃគូវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏ដូចជា ការចូលរួមចំណែកបង្កើននូវភាពជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងខេត្តកណ្ដាល ដើម្បីសម្រេចបានចក្ខុវិស័យ២០៥០។
សកម្មភាពនេះ ត្រូវបានវេទិកាសម្ព័ន្ធសង្គមស៊ីវិល អនុវត្ដចាប់តាំងពីឆ្នាំ២០១៧មក និងមានការចូលរួមពីបណ្ដាអង្គការសង្គមស៊ីវិលដែលជាដៃគូ និងស្ថាប័នពាក់ព័ន្ធយ៉ាងសកម្ម និងផុសផុលក្នុងការជជែកពិភាក្សាអំពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យមានភាពរីកចម្រើនប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។
អង្គការសង្គមស៊ីវិល ក៏បានប្តេជ្ញាចិត្តថា នឹងបន្តរួមសុខ រួមទុក្ខជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែសកម្មបន្ថែមទៀត។ លើសពីនេះទៀត អង្គការសង្គមស៊ីវិល ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ ដែលទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់នីតិកាលទី៧ នៃរដ្ឋសភា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក ដួង វីរ័ត្ន បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេស គឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕