(ឥណ្ឌូនេស៉ី)៖ សាកលវិទ្យាល័យ IPB នៃប្រទេសឥណ្ឌូនេស៊ី (IBP University) បានផ្តល់អាហារូបករណ៍ចំនួន១០កន្លែងដល់និស្សិតកម្ពុជា ទាំងកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ហើយចំពោះមុខជំនាញសិស្ស និស្សិតអាចជ្រើសរើសតាមតម្រូវការ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ខាងមុខ មានរយៈពេល៤ឆ្នាំ។ ដោយឡែក ផ្នែកឯកទេសខាង ហាឡាល IPB ក៏នឹងជួយទទួលបណ្ដុះបណ្ដាល និងជំនាញសម្រាប់វគ្គខ្លីៗផ្សេងៗថែមទៀតផងដែរ។
IPB បានសម្រេចផ្តល់ជូនយ៉ាងដូច្នេះ ក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញពិសារអាហារមិត្តភាព និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ បណ្ឌិត Arif Satria សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកសិកម្ម IPB និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិម ឥណ្ឌូនេស៊ី (ICMI) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
IPB ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលល្អបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅក្នុងតំបន់ Bogor ប្រទេសឥណ្ឌូនេស៊ី។ IPB ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1963 ហើយមាននិស្សិតកំពុងសិក្សាជាង២២,០០០នាក់ ក្នុងនោះក៏មានអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅទីនោះបានត្រទ្បប់មកកម្ពុជាវិញ កំពុងរួមចំណែកការងារជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន។
លោកបណ្ឌិត បានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។ ជាក់ស្តែងសិស្សនិស្សិតឥស្លាមកម្ពុជា មានឱកាសទទួលបានការអប់រំ ដូចជានិស្សិតទូទៅ ហើយត្រូវបានរដ្ឋាភិបាល សម្រួលឲ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីផងដែរ។
លោកបានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ IPB ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បមានឱកាសបន្តការសិក្សានៅឥណ្ឌូនេស៊ី ហើយនាំយកចំណេះជំនាញ ដែលបានសិក្សានៅទីនោះ មកអភិវឌ្ឍសង្គមជាតិ ក៏ដូចជា សហគមន៍។
លោកបណ្ឌិតសាស្ត្រាចារ្យ Arif Satria បានអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋកម្ពុជាដោយគ្មានការរើសអើង ជាពិសេសបានផ្តល់ជូនសព្វបែបយ៉ាងដល់សហគមន៍នៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានបង្ហាញការសប្បាយរីករាយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសហគមន៍ឥស្លាម តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិត។
សូមជម្រាបថា IBP មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ មានដូចជា មហាវិទ្យាល័យកសិកម្ម មហាវិទ្យាល័យជលផល និងវិទ្យាសាស្ត្រសមុទ្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាល័យព្រៃឈើ និងបរិស្ថាន និងផ្សេងៗទៀត។ ចំណែកថ្នាក់អនុបណ្ឌិត ក៏មានមហាវិទ្យាល័យស្រដៀងគ្នាទៅ និងថ្នាក់បរិញ្ញាបត្រផងដែរ៕