(សៀមរាប)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រួមសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធSARMIS (online) ដល់មន្ត្រីជំនាញនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ក្រោមឱវាទក្រសួងព័ត៌មាន នៅខេត្តសៀមរាប។
សិក្ខាសាលានេះ ក្រោមវត្តមានរបស់លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេស ផល្លីន អគ្គនាយិការដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោកស្រី ទេស ផល្លីន បានលើកឡើងថា ការរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ SARMIS (online) នាពេលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែម ជូនមន្ត្រីពាក់ព័ន្ធ ឱ្យយល់ដឹងកាន់តែច្បាស់ លើការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំង កំណត់អំពីក្របខណ្ឌច្បាប់ និងស្ថាប័នជាគោល សំដៅចូលរួម ចំណែកបម្រើឧត្តមប្រយោជន៍ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ និងគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត។
លោកស្រីបន្តថា មន្រ្តីរាជការទទួលបន្ទុកការងារពាក់ព័ន្ធ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ទាំងថ្នាក់កណ្តាល និងមន្ទីរទាំង២៥រាជធានីខេត្ត ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ-SARMIS (Online) ឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តផងដែរ នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកការឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤.០។
លោកស្រី ទេស ផល្លីន បានបន្តថា ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គឺជាចលករដ៏មុខស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ដោយមានប្រព័ន្ធ SAMIS (Online) គឺជាឧបករណ៍ស្នូលមិនអាចខ្វះបាន ក្នុងការគាំទ្រដល់ដំណើរការនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលនីមួយៗផងដែរ។
លោក ប្រាក់ ថាវអមិដា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលជាមាគ៌ាតម្រង់ទិសមួយដ៏សំខាន់ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ឱ្យផ្តោតការយកចិត្តទុកដាក់ និងជំរុញការចាប់យកប្រយោជន៍ជាអតិបរមានពីបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។
លោក ប្រាក់ ថាវអមិដា បន្តថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋគឺ តម្រូវឱ្យក្រសួង និងមន្ទីរ ដែលជាអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគំរូនិងប្លង់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព ដើម្បីសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា ក្រសួងព័ត៌មាននៅតែបន្តការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ SARMIS (Online)បន្ថែមទៀត រហូតដល់មន្ទីររាជធានី-ខេត្ត ដែលនៅសេសសល់ ដើម្បីជំរុញឱ្យទាន់ដំណាក់កាលនៃការធ្វើបរិវត្តកម្មឌីជីថល ទៅក្នុងប្រព័ន្ធការងារ។ ពោល គឺការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីការងារ បែបឌីជីថល។
លោក ប្រាក់ ថាវអមិដា ក៍បានរំលឹកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងដាស់តឿនថា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» រួមជាមួយនឹងអភិក្រមចំនួន ៥ ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ហើយប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងអភិក្រមទាំង៥នេះ នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប្រាកដនិយម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះដែរ លោកក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលមានតួនាទី និងភារកិច្ច ក្នុងការបំពេញកិច្ចការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវ ត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរជានិច្ច និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈផងដែរ៕