(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំការបង្កើន និងពង្រឹងការផ្សព្វផ្សាយកម្មវិធី បណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅសាលប្រជុំនៅសួនទឹកគុជស្វាយព្រៃ ក្រុងស្វាយរៀង មានការចូលរួមពីលោក ព្រាប រ៉ាវន់ នាយករង តំណាងលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា ជុំវិញខេត្ត តំណាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC តំណាងសភាពាណិជ្ជកម្មខេត្តស្វាយរៀង លោក លោកស្រីតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកនាយករង លោក លោកស្រីប្រធានការិយាល័យ ដេប៉ាតឺម៉ង់ លោកគ្រូ អ្នកគ្រូលោកនាយក នាយករង វិទ្យាល័យក្នុងខេត្តស្វាយរៀង សិស្ស និស្សិតប្រមាណជាង៣០០នាក់ផងដែរ។
លោក ម៉ែន អេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត រៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយស្មារតីរីករាយ និងការទទួលខុសត្រូវ។
លោកអភិបាលរងខេត្ត បានវាយតម្លៃបានថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងមានភារកិច្ចជាច្រើនទៀតដែលត្រូវធ្វើ ជាពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីកម្រិតកម្មករបច្ចេកទេស រហូតដល់កម្រិតអ្នកគ្រប់គ្រងបច្ចេកវិទ្យា ដែលក្នុងដំណាក់កាលនេះផងដែរ វិស័យឧស្សាហកម្មកំពុងតែមានការអភិវឌ្ឍនៅក្នុងប្រទេសរបស់យើង ម្យ៉ាងវិញទៀតអ្នកបណ្តាក់ទុនវិនិយោគធំៗកំពុងតែបង្កើតនូវរោងចក្រ សហគ្រាសជាច្រើន ជាពិសេសខេត្តស្វាយរៀង ដែលជាខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងគេនៅទូទាំងប្រទេស។
លោកបានបន្តថា ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កំពុងដំណើរការអាជីវកម្មរបស់ខ្លួនមានរោងចក្រ សហគ្រាស ក្រុមហ៊ុន សរុប៣០៣កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ១០៤,៥១៩នាក់ ស្រី៦០,១៨១នាក់។
លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដោយឡែក «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក កម្មវិធីថ្ងៃនេះមានសារៈប្រយោជន៍ ជាចាំបាច់ និងជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តបានផ្តល់ជាអនុសាសន៍ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។ខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ដើម្បីបំពេញនូវតម្រូវការអ្នកប្រើប្រាស់កម្លាំងពលកម្ម អ្នកវិនិយោគទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ថែមលើសពីនេះ ត្រូវខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ និងខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។
ក្នុងឱកាសនោះ លោក ព្រាប រ៉ាវន់ បានឲ្យដឹងថា វិទ្យាស្ថានមាននាយក១រូប នាយករង៤រូប ការិយាល័យចំនួន៥ ដេប៉ាតឺម៉ង់ ចំនួន០៦ មានបុគ្គលិកសរុបចំនួន ៦៥នាក់ ស្រី០៩នាក់ គ្រូបច្ចេកទេសជាប់កិច្ចសិន្យា១០រូប ស្រី០៤រូប និងបុគ្គលិកអនាម័យ សន្តិសុខ០៩រូប ស្រី០៧រូប សរុប៨៤នាក់ ស្រី២០នាក់។
លោក ព្រាប រ៉ាវន់ បានបន្តថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមាន៥វិស័យ មានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀត ដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។សិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១៩៦២នាក់ ស្រី៥២៩នាក់។ វិទ្យាស្ថានក៏មានកិច្ចសហការ និងការចុះអនុសារណៈយោគយល់ជាមួយស្ថាប័នបណ្តុះបណ្តាល និងសហគ្រាស ក្រុមហ៊ុន ក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏បានដឹកនាំលោកគ្រូ អ្នកគ្រូទៅទស្សនកិច្ចនៅតាមបណ្ដារោងចក្រដែលជាដៃគូសហការជាមួយវិស្ថាន ចំណែកឯសិស្ស ក៏បានទៅទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀងផងដែរ៕