(បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភ្សាការងារ ក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់ខ្លួន ជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ធូ ភា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
កិច្ចជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍។
លោក ធូ ភា បានជម្រាបជូនប្រតិភូអំពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងវិស័យវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រ សីល្បៈ និងទេសចរណ៍ ក៏ដូចជាការលើកឡើងរបស់មន្ទីរជំនាញពាក់ព័ន្ធនានា ព្រមទាំងបានសំណូមពរពីបញ្ហាប្រឈមខ្លះ ដល់ប្រតិភូ គណ:កម្មការ ជួយធ្វើការដោះស្រាយ ដោយបញ្ហាខ្លះយើងនៅខ្វះមិនទាន់មានច្បាប់ជាគោល សម្រាប់យកមកអនុវត្តផ្អែកលើច្បាប់ឲ្យបាននៅឡើយ ដូចជាច្បាប់ សាសនា ជាដើម។ល។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលខេត្តរួចមក, លោក ប៉ា សុជាតិវង្ស បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវអភិក្រមទាំង៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល និង បានដាក់ចេញនូវគោលនយោបាយ៦ចំណុចបន្ថែមទៀតផង។
លោក បន្តថា បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភា នាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ។
លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយលើវិស័យរបស់ខ្លួនឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ច្បាស់ ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ក្នុងនោះបើមានចំណុចខ្វះខាត នៅសេសសល់តិចតួចយើងនាំគ្នាធ្វើការដោះស្រាយឲ្យអស់ផងដែរ។
លោក បានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តធំមួយ មានសក្តនុពលខ្លាំង បានធ្វើការបំរើប្រជាពលរដ្ឋបានល្អ និងស្នើឲ្យរដ្ឋបាលខេត្តបន្តអនុវត្តការងារដ៏ល្អនេះបន្ថែមទៀត នាពេលអនាគតកាន់តែល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋយើងរស់នៅមានសុខភាពល្អ មានសុខ សុវត្ថិភាពក្នុងការរស់នៅ ប្រកបរបរការងារផ្សេងៗ ប្រកបដោយសុខសាន្ត មានជីវភាពធូធារមានចំណូលខ្ពស់ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០-២០៥០ ផងដែរ៕