(សៀមរាប)៖ ក្រុមការងារអនុវត្តរបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP នៃក្រសួងបរិស្ថាន បានរៀបចំទស្សនកិច្ច (Familiarization Trip) សម្រាប់វិស័យឯកជន ទៅកាន់គោលដៅលំហែបៃតង នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»។ ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង រួមជាជាមួយនឹងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ តំណាងវិស័យឯកជន និងភ្ញៀវជាតិ អន្តរជាតិសំខាន់ៗ ជាច្រើនរូបទៀត។

ក្នុងគោលបំណង សិក្សាស្វែងយល់អំពីទីតាំងសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិ, ភ្ជាប់បណ្តាញទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍មូលដ្ឋាន និងការគាំទ្រគោលនយោបាយ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តលើការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។

ការរៀបចំគោលដៅលំហែបៃតង សំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេចរមកកម្សាន្ត សរុបចំនួន៨៥កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន ១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ ក្នុងនោះស្រ្តី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។

ជាមួយគ្នានោះ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមាន ១. សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២. សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣. សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ៤. សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង៥. សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ»។

មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន៧៣តំបន់ និងរបៀងអភិរក្សជីវៈ ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរនិង របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ)។

តំបន់ទាំងនេះ មានផ្ទៃដីសរុបប្រមាណជា៧.២ លានហិកតាស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ផ្ទៃដីដ៏ធំធេងនេះ តម្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយស្មារតីទទួលខុស ត្រូវ និងធានាឱ្យមាននិរន្តរភាព។

តំបន់ការពារធម្មជាតិទាំងអស់នេះ មានសក្ដានុពលយ៉ាងធំធេងសម្រាប់លើកកម្ពស់ និងជំរុញ វិស័យ ទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ ដែលក្នុងនោះមាន៖ ទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ និងកោះស្រស់ស្អាត តំបន់បេតិកភ័ណ្ឌធម្មជាតិ និងវប្បធម៌ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត។

គួរបញ្ជាក់ដែរថា ដើម្បីពង្រឹង និងជួយសម្រួលដល់ការចូលរួមពីសំណាក់វិស័យឯកជនក្នុងការវិនិយោគអភិវឌ្ឍតំបន់ អូកូទេសចរណ៍ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ សៀវភៅនេះក៏បានចែកជូនដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះផងដែរ។

CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរ នូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕