(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំធ្វើសិក្ខាសាលា សមាហរណកម្ម វិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគ អាទិ៍ភាព៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់

ជាពិសេសស្នើសុំការគាំទ្រគម្រោងពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីអភិវឌ្ឍមូលដ្ឋានខណ្ឌនិងសង្កាត់របស់ខ្លួនឲ្យមានការីកចម្រើន ដោយប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងលោកអភិបាលរង និងក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ ព្រមទាំងមន្ដ្រីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជននានា។

នៅក្នុងឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ បានថ្លែងថា សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងរដ្ឋបាលសង្កាត់ទាំង៧នេះ បានរៀបចំធ្វើឡើងក្រោមការសហការណ៍ពីមន្ទីរផែនការរាជធានីភ្នំពេញ និងទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគ អាទិ៍ភាព៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌនិងរដ្ឋបាលសង្កាត់ ជាពិសេសស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍនានា វិស័យឯកជន និងសប្បុរសជនផងដែរ។

លោកអភិបាលខណ្ឌបានថ្លែងបន្តទៀតថា កន្លងមកមានការគាំទ្រលើគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ ពីសំណាក់មន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា រួមទាំងសប្បុរសជន អង្គភាព និងស្ថាប័នពាក់ព័ន្ធ។ ដូច្នេះក្នុងនាមរដ្ឋបាលខណ្ឌលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយក៏
សូមសំណូមពរឲ្យអស់លោក លោកស្រីបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឲ្យកាន់តែរីកចម្រើន។ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ហ៊ុន សុរិទ្ធី បានថ្លែងថា រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។ លោកមានជំនឿយ៉ាងមុតមាំថា អស់លោក/លោកស្រី ដែលតំណាងឲ្យមន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសប្បុរសជន បន្តជួយគាំទ្រគម្រោងនានារបស់សង្កាត់ និងខណ្ឌទៅតាមលទ្ធភាព ធនធានរៀងៗខ្លួន។

លោកអភិបាលរងរាជធានីភ្នំពេញបានថ្លែងបន្តទៀតថា ដើម្បីត្រៀមអនុវត្តន៍គម្រោងតាមកិច្ចព្រមព្រៀងបណ្តោះអាសន្ន ទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២៥ ខាងមុខនេះ លោកសូមផ្តល់ជាអនុសាសន៍ដូចតទៅ៖ ១.មន្ទីរជំនាញ អង្គភាពនានា សូមពិនិត្យលទ្ធភាពថា តើគម្រោងណាខ្លះដែលគួរគាំទ្រដល់ថ្នាក់ខណ្ឌ និងគម្រោងណាខ្លះគួរគាំទ្រដល់ថ្នាក់សង្កាត់ ២.មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដែលបានសន្យាជួយគាំទ្រ គម្រោងនានានៅក្នុងពេលនេះ ត្រូវបញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥របស់ខ្លួន ហើយខិតខំអនុវត្តន៍ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមការសន្យាគាំទ្រ និងផែនការដែលបានគ្រោងទុក ៣.ប្រសិនបើគម្រោងបានគាំទ្រនៅពេលនេះ ប៉ុន្តែមិនបានអនុវត្តន៍ គួរតែជូនដំណឹងដល់ខណ្ឌ ឬសង្កាត់ ឲ្យបានដឹងវិញផង៕