(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការទទួលមរណភាពរបស់លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០៖៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សពលោក ជា ចាន់តូ ត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដំណឹងខាងលើនេះ ចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ដើម្បីចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសព៕