(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស បានបន្តជំរុញឱ្យកាន់តែប្រសើរថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងខឿនការពារជាតិ និងជំរុញការលើកកម្ពស់ប្រពៃណីនៃការផ្សារភ្ជាប់គ្នារវាងកងទ័ព ជាមួយប្រជាជន តាមរយៈការពង្រឹងសមត្ថភាព ក្នុងការចូលរួមប្រតិបត្តិការសង្គ្រោះ ពេលមានគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្សេងៗ រួមទាំងការជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលជាដើម។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គ «បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈឃោសនាព័ត៌មានប្រចាំឆ្នាំ២០២៤» ដើម្បីផ្តោតទៅលើការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានកងទ័ពអាកាស។ ពិធីនេះមានការចូលរួមពី ឧត្តមសេនីយ៍ឯក យិន សុខា មេបញ្ជាការរង ស្នងការស្នងការដ្ឋានភស្តុភារ ឧត្តមសេនីយ៍ទោ ហ៊ឹម សុធី ស្នងការ ស្នងការដ្ឋានឃោសនា-ព័ត៌មាន ព្រមទាំងនាយទាហានចំណុះបញ្ជាការដ្ឋាន កងទ័ពជើងអាកាសជាច្រើនរូប។

នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្ដថា ការជួបជុំគ្នានាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ដែលបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានរៀបចំឡើង គឺដើម្បីផ្តោតទៅលើការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានកងទ័ពអាកាស។ នាយឧត្តមសេនីយ៍ ក៏ចូលរួមអបអរសាទរ និងជូនពរដល់អ្នកឧទ្ទេសនាមទាំងអស់ក្នុងវគ្គបំប៉ននេះ ដែលកន្លងមកបានខិតខំប្រឹងប្រែងធ្វើការសិក្សារៀនសូត្រ ស្រាវជ្រាវប្រកបដោយការទទួលខុសត្រូវ ដំណើរការឧទ្ទេសនាម និងធ្វើបទបង្ហាញដោយភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

នាយឧត្តមសេនីយ៍បានបន្ដទៀតថា ដើម្បីឆ្លើយតបទៅនឹងផែនការ កំណែទម្រង់៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ សម្រាប់ពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត ស្របទៅតាមភាពរីកចម្រើនលើវិស័យយោធានៃបណ្តាប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ និងការអប់រំផ្នែកចិត្តសាស្ត្រ និងសតិអារម្មណ៍ គឺជាការងារមួយដែលចាំបាច់ និងទាមទាឱ្យមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ និងនាយទាហាន ជាគ្រូបង្គោល ជាយោធាចារ្យដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ ច្បាស់លាស់ ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាព។ ដូច្នេះ នាយឧត្តមសេនីយ៍ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោយពីទទួលបានការហ្វឹកហ្វឺន និងបំប៉នវគ្គ បំប៉នគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងខ្សែរយៈឃោសនាព័ត៌មានប្រចាំឆ្នាំ២០២៤នេះ នាយទាហានទាំងអស់នឹងទទួលបាននូវការយល់ដឹងថ្មី ផ្នែកសតិអារម្មណ៍មួយកម្រិតបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតរបស់យោធិនម្នាក់ៗ លើការងារដឹកនាំបញ្ជា ហើយក៏នឹងអាចក្លាយខ្លួនទៅជានាយទាហាន ថ្នាក់ដឹកនាំ នៅតាមបណ្តាស្ថាប័ន និងអង្គភាពចំណុះរបស់កងទ័ពជើងអាកាសផងដែរ។

លោកថាកិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាល តែងតែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ ស្ថានភាពសន្តិសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពលនៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាដទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ការប្រែប្រួលទាំងអស់នេះ ទាមទារឱ្យ មានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញនូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្រ្តការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។

លើសពីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់ថា កន្លងមក កងយោធពលខេមរភូមិន្ទ បានការពារ និងទប់ស្កាត់បានទាន់ពេលវេលា និង មានប្រសិទ្ធភាពលើការប៉ុនប៉ងធ្វើភេរវកម្ម និងបង្កអស្ថិរភាពគ្រប់រូបភាព រួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបានចូលរួមយ៉ាងសកម្មក្នុងការងារជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនានា។ ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀត និងការចូលរួមនៅក្នុងសកម្មភាពថ្នាក់អនុតំបន់ តំបន់ និងអន្តរជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជាកម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការអនុវត្តនូវកម្មវិធីកំណែទម្រង់កងយោធពលខេមរភូមិន្ទនេះទៀតសោត និងដើម្បីធានានូវកិច្ចការពារប្រកបដោយប្រសិទ្ធភាពខ្ពស់នូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ភាពចាំបាច់ត្រូវតែផ្អែកទៅលើធនធាន ការវិវឌ្ឍនៃសភាពការណ៍ សន្តិសុខអន្តរជាតិ និងស្ថានការណ៍ជាក់ស្តែងរបស់កម្ពុជា ពាក់ព័ន្ធដល់កិច្ចការពារជាតិ ដែលត្រូវផ្តោតជាសំខាន់នូវ ការបន្តពង្រឹងកម្លាំងប្រដាប់អាវុធឱ្យមានវិជ្ជាជីវៈជំនាញ មានសមត្ថភាពក្នុងការបន្តវេនមានបច្ចេកវិទ្យា និងមូលដ្ឋានសម្ភារៈសមស្រប គោរពប្រតិបត្តិច្បាប់ម៉ឺងម៉ាត់ គោរពសិទ្ធិមនុស្ស មានទឹកចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី ឧត្តមប្រយោជន៍ជាតិ និងប្រជាជនព្រមទាំងខិតខំពង្រឹងសីលធម៌សង្គម សីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើនជំនឿថែមទៀត មកលើកងទ័ព។

ម្យ៉ាងវិញទៀត លោកថាដើម្បីឆ្លើយតបទៅនឹងភារកិច្ចដ៏ឧត្តុងឧត្តមរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ក៏បានស្តែងចេញនូវសកម្មភាពជាក់ស្តែងរបស់ខ្លួន ដែលបាននិងកំពុងប្រកាន់ខ្ជាប់នូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី និងត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ វាយបំបាត់ឱ្យបានទាន់ពេលវេលានូវរាល់មហិច្ឆតាទាំងឡាយណា ដែលប៉ុនប៉ងរំលោភ ឈ្លានពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមគ្រប់រូបភាព។

បន្ថែមពីនេះ លោកបានបញ្ជាក់ទៀតថា ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់កងយោធពលខេមរភូមិន្ទខាងលើ នាពេលអនាគត យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កលទ្ធភាព និងឈានទៅបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល ពិសេស បង្កើនវគ្គអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ដែលជាមូលដ្ឋាន គ្រឹះនៃចំណេះដឹង សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ឱ្យស្របទៅតាមទិសដៅនៃផែនការកំណែទម្រង់ កងយោធពលខេមរភូមិន្ទ ក៏ដូចជាយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលផងដែរ៕