(កំពង់ឆ្នាំង)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបេសកកម្មការងារដោយមានការអញ្ជើញចូលរួមពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក.តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក គឹម រត័្នណារិន ប្រធានសាលាដំបូងខេត្ត, លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. រដ្ឋបាលក្រុង-ស្រុក ស្នងការនគរបាលខេត្ត, តំណាងមន្ទីរ-អង្គភាព និងរដ្ឋបាលឃុំ-សង្កាត់អញ្ជើញចូលរួមជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២១ លោកផ្ទាល់ និងអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ក្រុង-ឃុំ និងសង្កាត់ ក្នុងរយៈពេល១០០ថ្ងៃបានចុះដោះស្រាយ វិវាទជូនប្រជាពលរដ្ឋបានជាង១៥០០សំណុំរឿង និងបានបន្តដោះស្រាយរឿងដែលនៅសេសសល់ជាបន្តបន្ទាប់។ តែក៏នៅមានសេសសល់សំណុំរឿងមួយចំនួនតូច ដែលដោះមិនទាន់ចេញដោយសារតែមានការអន្តរាគមន៍ច្រើន ពេក ដូចនេះរឿងរ៉ាវដែលនឹងត្រូវដោះបញ្ចប់ក៏ត្រូវបានដោះមិនបានចប់ទៅវិញ។

លោកអភិបាលខេត្តបានថ្លែងបន្តទៀតថា លោកមានការសប្បាយចិត្តឥតឧបមា ដោយមានវត្តមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាឱកាសនេះ ហើយលោកសង្ឃឹមថា សំណុំរឿងដែលនៅសេសសល់ និងអាចដោះស្រាយបញ្ចប់បានយ៉ាងឆាប់រហ័ស និងដោយសន្តិវិធី។

លោក ជិន ម៉ាលីន បានលើកឡើងអំពីសារៈសំខាន់ នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទ ដែលអាចធានាបាននូវបរិយាកាស សន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមស្ថាប័នតុលាការផងដែរ។

លោកបានបន្តថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ. ក. ដែលមានឈ្មោះថា «គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន» ដែលគម្រោងនេះផ្តោតសំខាន់លើសកម្មភាពចំនួន២ រួមមាន៖

*ទី១៖ ផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ
*ទី២៖ រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទសំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋានផងដែរ៕