(ភ្នំពេញ)៖​ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ​ បានរៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌា (Northeast Day) ជាលើកដំបូងនៅកម្ពុជា​ ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនិងស្ថានទូត ក៏ដូចជាសកម្មភាពរបស់ខ្លួនមួយចំនួន។ 

ការប្រារព្ធពិធីដែលបានធ្វើឡើងនៅបរិវេណស្ថានទូតឥណ្ឌាដោយមានការគោរពភ្លេងជាតិនៃសាធារណ:ឥណ្ឌា អមដោយការសម្តែងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីនិងទំនៀមទំលាប់នៃជនជាតិភាគឦសាននៃប្រទេសឥណ្ឌា​ ជាមួយអ្នកចូលរួមប្រមាណជាង​ ១៥០នាក់។

នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះ ការចូលរួមពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងប្រទេសកម្ពុជា​ មកពីរដ្ឋភាគឦសាននៃប្រទេសដើម្បីប្រារព្ធទិវានេះ។ លោកស្រីសង្ឃឹមថា​ ព្រឹត្តិការណ៍នេះនឹងក្លាយជាការចាប់ផ្តើមហើយវានឹងបន្តធ្វើជារៀងរាល់ឆ្នាំ។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានជូនដំណឹងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការប្រកាសដាក់ភាសាអាសាំ(Assamese) ដែលជាភាសាមួយក្នុងចំណោមភាសានៃរដ្ឋភាគឦសាន ជាភាសាបុរាណរួមជាមួយភាសាម៉ារ៉ាធី(Marathi) បាលី(Pali) ប្រាគ្រីរី(Prakriti) និងភាសាបេងហ្គល (Bengali)។ លោកស្រីបានប្រៀបធៀបរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាទៅនឹងភួងដ៏ស្រស់ស្អាតនៃផ្កាដែលមានពណ៌ និងក្លិនខុសៗគ្នា ហើយបាននិយាយថាវាគឺជាច្រកទ្វាររបស់ឥណ្ឌាទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានោះដែរប្រជាជនឥណ្ឌា​ មកពីរដ្ឋភាគឦសាននៃប្រទេស​ បានបង្ហាញនូវកម្មវិធីវប្បធម៌ផ្សេងៗ ក្នុងនោះរួមមាន របាំឫស្សីដ៏អស្ចារ្យ និងការច្រៀងជាក្រុមដ៏ពិរោះជាមួយនឹងអ្នកចូលរួមទាំងអស់បានទទួលទានម្ហូបអាហារពិសេសតាមបែបប្រពៃណីជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ហើយការប្រារព្ធពិធីនេះបានបញ្ចប់ទៅប្រកបដោយសោមនស្សរីករាយ។

សូមបញ្ជាក់ដែរថា​ រដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌាមានចំនួនប្រាំបី​ គឺAssam, Tripura, Mizoram, Meghalaya, Nagaland, Manipur, Arunachal Pradesh និង Sikhim រដ្ឋទាំងនេះមានព្រំប្រទល់អន្តរជាតិជាមួយ ប្រទេសចិន មីយ៉ាន់ម៉ា បង់ក្លាដែស នេប៉ាល់ និង ប៊ូតង់។ រដ្ឋភាគឦសានត្រូវបានគេស្គាល់ថា​ ជារដ្ឋសម្បូរទៅដោយសម្រស់ធម្មជាតិ ភាពចម្រុះនៃវប្បធម៌ អាហារ ភាសា និងធនធានធម្មជាតិដ៏សម្បូរបែប។ នៅក្នុងប្រទេសកម្ពុជា វត្តមានរបស់ប្រជាជនឥណ្ឌាពីភូមិភាគឦសានមិនសូវមានច្រើនប៉ុន្មាននោះទេ ហើយភាគច្រើនមានតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ៕