(ភ្នំពេញ)៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ប្រព័ន្ធអប់រំនៅគ្រប់បណ្ដាប្រទេសនានានៅលើពិភពលោក តែងត្រូវបានធ្វើទំនើបកម្ម និងកែប្រែជាប់ជានិច្ច ដើម្បីឲ្យសមស្របទៅនឹងការវិវឌ្ឍជាបន្ដបន្ទាប់របស់សង្គមជាតិ ពោលមិនអាចនៅនឹងថ្កល់មួយកន្លែងនោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព អបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន នាព្រឹកថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនថាតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសមហាអំណាចក៏ត្រូវធ្វើកំណែទម្រង់លើវិស័យអប់រំដូចគ្នាផងដែរ។

បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី, រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏បានដាក់ចេញនូវការកែទម្រង់វិស័យអប់រំជាបន្ដបន្ទាប់ ដែលរយៈពេលចុងក្រោយនេះ ក្រសួងអប់រំ បានផ្ដោតការយកចិត្តទុកដាក់ពង្រឹងលើមុខវិជ្ជា និងត្រៀមលក្ខណៈសម្រាប់ការប្រកួតប្រជែងជំនាញបម្រើឲ្យបច្ចេកវិទ្យា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញការកែទម្រង់កម្មវិធីអប់រំជាបន្ដបន្ទាប់ ចុងក្រោយនេះយើងបានកែសម្រួលដាក់ផែនការជំរុញការពង្រឹងទៅលើមុខវិជ្ជា និងត្រៀមលក្ខណៈទៅលើការបម្រើឲ្យបច្ចេកវិទ្យានៅថ្ងៃខាងមុខ។ ប៉ុន្ដែការអប់រំត្រូវធ្វើការវាយតម្លៃជាប់ជាប្រចាំ កិច្ចការងារទាំងអស់នេះមិនអាចនៅនឹងថ្កល់ទេ ចឹងការកែសម្រួលដែលក្រសួងអប់រំ បានធ្វើជាបន្ដបន្ទាប់»

បន្ថែមពីការផ្ដោតយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយហើយនោះ ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងបំប៉នគ្រូដើម្បីទទួលបានវិធីសាស្ដ្រថ្មីៗ ក្នុងការបង្រៀនក៏ជារឿងសំខាន់ដូចគ្នា ហើយកិច្ចការងារនេះសូម្បីតែប្រទេសមហាអំណាចក៏អនុវត្តដូចគ្នា។ នេះបើតាមការអះអាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយសម្ដេចធ្លាប់បានជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសទាំងនោះ។

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា វិធីសាស្ដ្រក្នុងការបង្រៀនលើជំនាញខ្លះ ត្រូវបានធ្វើកំណែទម្រង់បានរបៀបថ្មី ប៉ុន្ដែក្រោយមកក៏ត្រូវផ្លាស់ប្ដូរទៅរបៀបដូចដែលធ្លាប់អនុវត្តកាលពីអតីតកាល ដើម្បីធ្វើយ៉ាងណាឲ្យមានការឆ្លើយតបដាក់គ្នាទៅវិញទៅមក។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំក្នុងការងារកំណែទម្រង់លើវិស័យអប់រំនេះ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។ សម្ដេចគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងអប់រំ កំពុងផ្ដោតការយកចិត្តទុកដាក់សិស្សានុសិស្សតាំងពីថ្នាក់មូលដ្ឋាន ដើម្បីកសាងគ្រឹះឲ្យរឹងមាំសម្រាប់ថ្ងៃអនាគត៕