(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារលិខិតរំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ, លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
សម្តេចព្រះមហាក្សត្រី បានបញ្ជាក់ក្នុងព្រះរាជសារលិខិតរំលែកទុក្ខថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលជាស្វាមី ឪពុកបង្កើត និងជាជីតាបានទទួល មរណភាពនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយ រោគាពាធ»។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ ជាមួយលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃឯកឧត្តម ជា ចាន់តូ គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម លើកតម្កើងអភិវឌ្ឍជាតិជាយូរឆ្នាំមកហើយ ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។
ខ្ញុំសូមវិញ្ញាណក្ខន្ធឯកឧត្តម ជា ចាន់តូ ដែលជាអ្នកស្នេហាជាតិដ៏ល្អប្រសើរមួយរូបអញ្ជើញ ទៅកាន់សុគតិភពកុំបីខាន៕