(សៀមរាប)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង/ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប៉ុស្តិ៍ការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តសៀមរាប បានយ៉ាងល្អប្រសើរនាពេលកន្លងមក។
អភិសន្តិបណ្ឌិត ស សុខា បានណែនាំបន្ថែមដល់រដ្ឋបាលខេត្ត និងកម្លាំងនគរបាល ត្រូវបន្តយកចិត្តទុកដាក់បង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិបកម្សាន្ត ឬខារ៉ាអូខេជាដើម, ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយឱ្យមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។
ក្នុងឱកាសនោះដែរ អភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ មួយចំនួនរួមមាន៖ អង្ករ ចំនួន ១០តោន មីចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស អាវភ្លៀង ចំនួន ៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាល ចំនួន ១០០០នាក់ ដោយក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀលផងដែរ៕