(ខេត្តប៉ែកឦសាន)៖ ដូចកាលពីចុងសប្តាហ៍មុនៗដែរនៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយតាមរថយន្តចំនួន១៣គ្រឿង ចេញពីភ្នំពេញ នៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
ដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១ នៅវេលាម៉ោងប្រមាណ ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ។
លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិត នៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែល មានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។
ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុបចំនួន១,៣១១នាក់។ ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើក បានជូនប្រជាពលរដ្ឋទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី»។
សូមបញ្ជាក់ជូនថា សន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃចំនួនអ្នកចុះឈ្មោះ ដែលក្រុមការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣,៥០០នាក់ ហើយ។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ និងដោយអនុវត្តគោលការណ៍ចុះឈ្មោះមុន បានចូលរួមក្នុងដំណើរទស្សនកិច្ចមុន។
ដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានចូលរួម ដោយបានបញ្ជាក់គ្រប់ៗគ្នាថា បានទទួលនូវបទពិសោធន៍ដ៏ល្អនិងប្រកបដោយសុវត្ថិភាពពីដំណើរទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិលជុំវិញបញ្ហាព្រំដែននាពេលកន្លងមកព្រោះដំណើរទស្សនកិច្ចនេះបានបង្កើតសក្ខីកម្មរស់របស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងឥតប្រកែកបានពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជាបានយ៉ាងគត់មុតនិងប្រកបដោយការការពារយ៉ាងពេញលេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។
ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជា មានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រសោះឡើយ។
ក្នុងន័យនេះដែរ ប្រជាជនកម្ពុជានឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែកក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច។
សូមរំលឹកជូនថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕