(ស្វាយរៀង)៖ លោក សាមឺឌី ស៉ីវឌ្ឍនា រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ និស្សិតសាកលវិទ្យាល័យស្វាយរៀង កីឡាករកីឡាការិនី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក សមាគមអ្នកជិះកង់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ ២,០១៧នាក់។
លោកអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ ដែលខេត្តស្វាយរៀងមានកិត្តិយស បានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ នៅថ្ងៃនេះ និងសូមចូលរួមអបអរសាទរចំពោះលោក លោកស្រី និងប្អូនៗកីឡាករ កីឡាការិនីទាំងអស់ ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង ដែលនិងទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាកំពូលរបស់ជាតិនៅឆ្នាំនេះ ហើយនេះជាភារកិច្ចដ៏មានសារៈសំខាន់ និងប្រកបដោយមោទនភាព ដែលអស់លោក លោកស្រី និងប្អូនៗកីឡាករ កីឡាការិនីទាំងអស់ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង ត្រូវបំពេញ ដើម្បីមុខមាត់ និងកិត្តិយសផ្ទាល់ខ្លួនផង អង្គភាពផង និងខេត្តទាំងមូលផង។
ទន្ទឹមនេះ លោកបានស្នើប្អូនៗត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិន័យការងារ និងបទបញ្ជានៃការប្រកួត។
លោកបន្ថែមថា ការចូលរួមរត់ភ្លើងគប់ដ៏ច្រើនកុះករនៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់មន្ត្រីរាជការ កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
សំរាប់ខេត្តស្វាយរៀង បានចុះឈ្មោះចូលរួម ប្រកួតមាន១៦ប្រភេទកីឡា និងប្រតិភូដឹកនាំមាន១៦នាក់ គ្រូបង្ហឹក៣៧នាក់ កីឡាករកីឡាការិនី១៧០នាក់ (កីឡាករពិការ៤នាក់ និងកីឡាការិនី៧២នាក់)។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕