(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីរំលឹកខួបលើកទី៧៩ នៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ី (TNI) នៅសណ្ឋាគារ Raffle le royal pnhom penh។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាអនុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៉ី ដោយបានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំងពីរបានរួមគ្នាបង្កើតកម្មវិធីពង្រឹងសមត្ថភាពផ្សេងៗសម្រាប់មន្ត្រីយោធា ហើយថ្មីៗនេះ ឥណ្ឌូនេស៊ីបានផ្តល់ជំនួយជាអាវុធធុនតូច និងគ្រាប់រំសេវដល់កម្ពុជាផងដែរ។
លោកបណ្ឌិត Santo Darmosumarto បានអះអាងទៀតថា ប្រទេសឥណ្ឌូនេស៊ី ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិផ្សេងទៀត ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់បន្ថែមទៀត។
សូមជម្រាបថា ពិធីដ៏មានអត្ថន័យនេះធ្វើឡើងខណៈប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត។ មិនតែប៉ុណ្ណោះពេញមួយឆ្នាំ ស្ថានទូតបានអនុវត្តសកម្មភាពផ្សេងៗ ដើម្បីអបអរសាទរឱកាសដ៏មានសារៈសំខាន់នេះ រួមទាំងការតាំងពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ៕